សម្ពាធអន្តរជាតិកាន់តែកើនឡើង​លើរបបយោធាមីយ៉ាន់ម៉ា ដោយជម្រុញអនុញ្ញាតឲ្យបេសកជនអាស៊ាន ជួបជាមួយមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី
អន្តរជាតិ
369

អន្តរជាតិ៖ ប្រទេសចំនួនប្រាំបី និងប្រមុខការទូតសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ បានជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា អនុញ្ញាតឱ្យបេសកជនពិសេសប្រចាំតំបន់ជួបជាមួយមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបានបណ្តេញចេញពីតំណែង។

បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការអំពាវនាវនេះកើតមានឡើង នៅពេលដែលក្តីកង្វល់កើនឡើងលើរដ្ឋាភិបាលយោធា ហាក់ដូចជាដើរថយក្រោយចំពោះការប្តេជ្ញាចិត្តលើ«ការឯកភាព ៥ ចំណុច» ដែលបានព្រមព្រៀងជាមួយអាស៊ាន ដើម្បីដោះស្រាយវិបត្តិបង្ហូរឈាមដែលបានផ្ទុះឡើងនៅក្នុងប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសអាស៊ានគ្រោងនឹងជួបប្រជុំគ្នានៅល្ងាចថ្ងៃសុក្រនេះ ដើម្បីពិភាក្សាថា តើត្រូវដកលោកមីនអ៊ុងឡាំង ប្រមុខរបបយោធាមីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ជុំវិញភាពមិនអើពើរបស់រដ្ឋាភិបាលលោកឬយ៉ាងណា។

បរបយោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យបេសកជនពិសេសអាស៊ានលោក អេរីវ៉ាន យូសូហ្វ ដែលជាអ្នកការទូតប្រ៊ុយណេ ជួបជាមួយអ្នកណាម្នាក់ដែលកំពុងត្រូវបានជំនុំជម្រះ ដែលរួមមានលោកស្រី អ៊ុង សានស៊ូជី នោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អាមេរិក អង់គ្លេស អូស្រ្តាលី កាណាដា កូរ៉េខាងត្បូង នូវែលសេឡង់ ន័រវែស និងទីម័រខាងកើត និយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពដ៏អាក្រក់នៅមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យទីក្រុងណៃពិដោ«ចូលរួមដើម្បីដោះស្រាយវិបត្តិ »។

សេចក្តីថ្លែងការណ៍បាននិយាយថា« យើងសូមអំពាវនាវឱ្យយោធា ជួយសម្រួលដំណើរទស្សនកិច្ចជាទៀងទាត់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយបេសកជនពិសេសអាស៊ាន ហើយដើម្បីឱ្យលោក យូសូហ្វ អាចចូលរួមដោយសេរីជាមួយភាគីពាក់ព័ន្ធទាំងអស់»។

មកដល់ពេលនេះ សម្ពាធអន្តរជាតិមានឥទ្ធិពល ទៅលើរបបយោធា ដែលបានចាប់ផ្តើម ការបង្ក្រាបយ៉ាងឃោរឃៅទៅលើការតវ៉ា ប្រឆាំងការដណ្តើមអំណាចរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ បានសម្លាប់ជនស៊ីវិលជិត ១២០០ នាក់៕

ប្រភព៖ Bangkok Post

Telegram