រដ្ឋធានីញូវដេលី៖ ភ្លៀងបានវាយប្រហារមកយ៉ាងខ្លាំង បង្កឲ្យកើតមាន គ្រោះ ទឹកជំនន់ និង រអិលបាក់ដី បានសម្លាប់មនុស្សយ៉ាងតិច២៤នាក់ នៅ ក្នុងរដ្ឋ Kerala នាភាគខាងត្បូង ប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះ។
បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៨ ខែតុលា ថា ភ្លៀង បានវាយប្រហារយ៉ាងខ្លាំងទៅលើរដ្ឋ Kerala ចាប់តាំង ពីថ្ងៃទី១៦ ខែតុលា ខណៈមកទល់នឹងពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ ។ គ្រោះធម្មជាតិនេះ បានបង្កឲ្យមានទឹកជំនន់ជន់លិចតំបន់ជាច្រើន ធ្វើឲ្យមនុស្សរាប់សិបនាក់ ត្រូវ រាយការណ៍ថា បានបាត់ខ្លួន។ ចំណែក ក្រុមអ្នកជួយសង្រ្គោះ ក្នុងនោះ មានទាំងយោធាផង ក៏កំពុងតែបន្តប្រតិបត្តិការ ជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។
បើតាមអាជ្ញាធរឥណ្ឌា បានឲ្យដឹងថា នៅក្នុងចំណោមជនរងគ្រោះទាំងនោះ ភាគច្រើនបានស្លាប់ ដោយសារការរអិលបាក់ដី។បើតាម មន្ត្រីឧតុនិយម បានអះអាងថា ភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង ដោយសារសម្ពាធទាប មកពីតំបន់សមុទ្រអារ៉ាប់៕
ប្រភព៖ BBC