ចិនបដិសេធថា ខ្លួនមិនមែនបាញ់មីស៊ីលល្បឿនលឿននោះទេ តែគឺជាបាញ់«យានអវកាស»
អន្តរជាតិ
257

អន្តរជាតិ៖ ប្រទេសចិន បានបដិសេធរបាយការណ៍មួយដែលថាខ្លួនទើបតែបានបាញ់មីស៊ីលលឿនជាងសំឡេង ដោយបានបញ្ជាក់ថា ខ្លួនបានសាកល្បងយានអវកាសមួយដើម្បីសាកល្បងបច្ចេកវិទ្យាដែលអាចប្រើឡើងវិញបាន។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

របាយការណ៍ដំបូងនៅក្នុងកាសែត Financial Times កាលពីថ្ងៃទី ១៦ ខែតុលាថា ទីក្រុងប៉េកាំងបានបាញ់មីស៊ីល ដែលមានសមត្ថភាពនុយក្លេអ៊ែរ កាលពីខែសីហា ដែលបានវិលជុំវិញផែនដីនៅគន្លងទាបមុនពេលដែលវាបាត់គោលដៅ។ បន្ថែមពីនេះ មីស៊ីលដែលមានល្បឿនលឿនជាងសំឡេងនេះត្រូវបានបាញ់ដោយរ៉ុក្កែត Long March ហើយការសាកល្បងនេះត្រូវបានរក្សាទុកជាការសម្ងាត់។

ប៉ុន្តែនៅថ្ងៃទី ១៨ ខែតុលា ចិនបានចេញមកអះអាងថា របាយការណ៍នេះមិនត្រឹមត្រូវទេ ហើយសមយុទ្ធនេះគឺជាការសាកល្បងបច្ចេកវិទ្យាដែលអាចប្រើឡើងវិញបាន ដែលអាចកាត់បន្ថយការចំណាយនៃការបាញ់បង្ហោះយានអវកាស។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានថា៖« តាមការយល់ដឹងរបស់ខ្ញុំ ការសាកល្បងនេះគឺជាការសាកល្បងយានអវកាសធម្មតា ដែលប្រើដើម្បីសាកល្បងបច្ចេកវិទ្យាយានអវកាសដែលអាចប្រើឡើងវិញបាន។ នេះអាចផ្តល់មធ្យោបាយងាយស្រួល និង ថោក សម្រាប់មនុស្សក្នុងការប្រើលំហ ដើម្បីគោលបំណងសន្តិភាព»។

នៅពេលត្រូវបានសួរដោយផ្ទាល់ថាតើរបាយការណ៍របស់កាសែត Financial Times ពិតជាមិនត្រឹមត្រូវអំពីមីស៊ីលមែនឬទេ។ លោក Zhao បានឆ្លើយថា «មែន។ វាមិនត្រឹមត្រូវទេ» ។

រួមជាមួយចិន សហរដ្ឋអាម៉េរិក រុស្ស៊ី និងប្រទេសយ៉ាងហោចណាស់ប្រាំផ្សេងទៀតកំពុងធ្វើការលើបច្ចេកវិទ្យាដែលមានល្បឿនលឿនជាងសំឡេង។ មីស៊ីលដែលមានល្បឿនលឿនជាងសំឡេងអាចហោះបានក្នុងល្បឿនលឿនជាងសំឡេង ៥ ដង ហើយដូចជាមីស៊ីលផ្លោងអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរបាន។

ចិនបាននិងកំពុងអភិវឌ្ឍបច្ចេកវិទ្យានេះយ៉ាងខ្លាំងក្លា។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយសេវាកម្មស្រាវជ្រាវសភាអាម៉េរិក។

របាយការណ៍របស់ The Financial Times បាននិយាយថា វឌ្ឍនភាពរបស់ទីក្រុងប៉េកាំងនៅក្នុងវិស័យនេះបានធ្វើឱ្យក្រុមស៊ើបការណ៍សម្ងាត់អាម៉េរិកភ្ញាក់ផ្អើល ៕

ប្រភព៖ BBC

Telegram