អន្តរជាតិ៖ បើតាម អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក បានឲ្យដឹងថា យោធា អាមេរិក បានសម្លាប់ មេដឹកនាំជាន់ខ្ពស់របស់ក្រុមឧទ្ទាម អាល់កៃដា លោក Abdul Hamid al-Matar ក្នុងការវាយប្រហារតាមដ្រូនពិឃាត នៅថ្ងៃទី ២២ ខែតុលា ។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
លោក John Rigsbee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា « ការសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដារូបនេះ នឹងបង្កការរំខានដល់សមត្ថភាពរបស់ក្រុមភេរវករនេះ ដែលប៉ុនប៉ងបើកការវាយប្រហារជាសកលណាផ្សេងទៀត សំដៅគំរាមគំហែងដល់ពលរដ្ឋអាមេរិក ដៃគូរបស់អាមេរិក និងជនស្លូតត្រង់»។
ការបាញ់ប្រហារដោយដ្រូនពិឃាតនេះ ធ្វើឡើង២ថ្ងៃប៉ុណ្ណោះក្រោយប៉ុស្តិ៍យោធាអាមេរិកមួយ ក្នុងភាគខាងត្បូងប្រទេសស៊ីរី ត្រូវបានរងការវាយប្រហារ ។ យ៉ាងណាមិញ ឧត្តមសេនីយ៍ John Rigsbee ពុំបានអះអាងទេថា ការវាយប្រហារឈានដល់សម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដានេះ ជាទង្វើសឹកសង។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមអាល់កៃដា គឺជាបណ្ដាញឥស្លាមជ្រុលនិយមនិកាយសុនី ដែលបង្កើតឡើងក្នុងខែឆ្នាំ១៩៨៨ ដោយ អូសាម៉ា ប៊ីនឡាដិន អំឡុងសង្គ្រាមសូវៀតអាហ្វហ្កានីស្ថាន។ ប៊ីនឡាដិន ត្រូវបានសម្លាប់ដោយសហរដ្ឋអាមេរិក ក្នុងខែ២០១១ ក្រោយពាក់ព័ន្ធនឹងអំពើភេរវកម្ម១១កញ្ញា៕
ប្រភព៖ Channel News Asia