បាល់ទាត់៖ ការប្រកួតក្របខណ្ឌលីគកំពូលបារាំង Ligue 1 នៅតែបន្តតានតឹងគិតត្រឹមសប្ដាហ៍ទី២៨ យប់មិញក្រោយក្រុមកំពូលទាំងបីសុទ្ធតែឈ្នះ។ ក្រុមកំពូលតារាង Lille បើកទ្វារផ្ទះទទួលស្វាគមន៍ Olympique Marseille ខណៈបីពិន្ទុបានទៅក្រុមម្ចាស់ផ្ទះដោយ ២គ្រាប់ម្នាក់ឯងរបស់ Jonathan David នៅចុងម៉ោងនាទីទី៩០ និង ៩០+៣។
ចំណែកក្រុមលេខ២ Paris Saint Germain យប់មិញបានយកឈ្នះនៅទឹកដី Bordeaux ១–០ ដោយគ្រាប់បាល់ជ័យជំនះ ១គ្រាប់គត់របស់ Pablo Sarabia នៅនាទីទី២០។ Olympique Lyon ក៏មិនភ្លាត់បីពិន្ទុដែរនៅពេលទទួលភ្ញៀវ Rennes ដោយយកឈ្នះ ១–០ ធ្វើបានដោយ Houssem Aouar នាទីទី៧៤។ ជ័យជំនះរបស់ក្រុមកំពូលតារាងទាំងបីមានន័យថា Lille បន្តនាំមុខដោយមាន ៦២ពិន្ទុ តាមពីក្រោយដោយ Paris Saint Germain មាន ៦០ពិន្ទុ និងលេខ៣ Olympique Lyon មាន ៥៩ពិន្ទុ។ ក្រុមខ្លាំងខាងលើរួមមាន Paris Saint Germain នឹងត្រូវទៅទឹកដី Lyon នៅថ្ងៃទី២១ ខែមីនានេះ ខណៈ Lyon ទទួល Lille នៅថ្ងៃទី២៥ ខែមេសា៕