ប្រមុខការទូតអាមេរិកនិងចិន ព្រមានពីការខ្វែងគំនិតគ្នា ដែលឈានដល់ការបញ្ឆេះភាពតានតឹងលើកោះតៃវ៉ាន់
អន្តរជាតិ
125

រ៉ូម៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគ៊ិន(Antony Blinken) និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី(Wang Yi) បានខ្វែងគំនិតគ្នា​លើបញ្ហាកោះតៃវ៉ាន់ នៅក្រៅកិច្ចប្រជុំកំពូល G20 នៅថ្ងៃអាទិត្យទី៣១ ខែតុលានេះ។ ​ប្រមុខការទូតប្រទេសមហាអំណាចទាំងពីរ​ ក៏មានការព្រមានអំពី ចលនាប្រឆាំងនឹងវិធានការបស់អាមេរិកនិងចិន ដែលអាចបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងពេលប្រជុំដ៏យូរនៅទីក្រុងរ៉ូម លោក Blinken បានគូសបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន នឹងរារាំងនូវការផ្លាស់ប្ដូរទៅបែបឯកតោភាគីណាមួយដែលប៉ះពាល់កិច្ចការផ្ទៃក្នុងរបស់តៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអាមេរិក។

សូមបញ្ជាក់ដែរ ថា ថ្មីៗនេះមានការកើនឡើងនូវសមប្រយុទ្ធរបស់ចិនឈ្លានពានចូលតំបន់កំណត់អត្តសញ្ញាណដែនអាកាសរបស់តៃវ៉ាន់។ ទីក្រុងតៃប៉ិ បានបញ្ជាក់ថា​ នៅថ្ងៃអាទិត្យនេះដែរមានយន្តហោះ​ ៨គ្រឿងចូលមកដែនអាកាសតៃវ៉ាន់ហើយនេះអាចចាត់ទុកថាជាទង្វើធ្វើឱ្យតៃវ៉ាន់អាម៉ាស់។

​មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអាមេរិកបាននិយាយថា ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក មានបំណងចង់គ្រប់គ្រងការប្រកួតប្រជែងដ៏តានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរនេះដោយទំនួលខុសត្រូវ។ ​ មន្ត្រីដដែលបានបន្ថែមថា ភាគីទាំងពីរបានទទួលស្គាល់ថាបណ្តាញទំនាក់ទំនងបើកចំហគឺសំខាន់បំផុត។

លោក វ៉ាង យី បាននិយាយថា«ចិនមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាផ្សេងៗដែលភាគីអាមេរិកបានធ្វើ បណ្ដាលឱ្យបាត់បង់ភាពស្របច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់ចិន។ លើសពីនោះលោកបានស្នើឱ្យភាគីអាមេរិកផ្លាស់ប្តូរទិសដៅរបស់ខ្លួន និងជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យវិលទៅរកការអភិវឌ្ឍប្រកបដោយផ្លែផ្កាឡើងវិញ។

សេចក្តីថ្លែងការណ៍របស់ចិនបាននិយាយ​​បានសង្កត់ធ្ងន់ថា ការភាន់ច្រឡំរបស់អាមេរិកដែលទម្លាក់កំហុសមកលើចិន​ជុំវិញការផ្លាស់ប្ដូរស្ថានភាពនៅតៃវ៉ាន់គឺគ្រាន់តែជា«ការយល់ឃើញ»និង«ការគាំទ្រ»របស់សហរដ្ឋអាមេរិកទៅលើកងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់ប៉ុណ្ណោះ ហើយការគាំទ្រនេះក៏ជាកំហុសមួយផងដែរ។

គួរបញ្ជាក់ផងដែរថា ចិន​បាន​អះអាង​ថា ​កោះតៃវ៉ាន់​ជា​ផ្នែក​មួយនៃ​ទឹកដី​របស់​ខ្លួន ហើយ​ចាត់​ទុក​ទង្វើ​អន្តរាគមន៍​ពី​បរទេស​លើ​តៃវ៉ាន់​ថា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ចិន ដោយឡែកការហោះហើរចូលទឹកដីតៃវ៉ាន់គឺជាការហោះហើរក្នុងស្រុកប៉ុណ្ណោះ។

ជំនួបផ្ទាល់មុខលោកប្លីងគីន និងលោកវ៉ាង យីលើកនេះ ជាជំនួបលើកដំបូងបន្ទាប់ពីជំនួបដ៏ឥតន័យនៅរដ្ឋអាឡាស់ស្កា ខែមីនាកន្លងមកនេះ។ មន្ត្រីអាមេរិកបាននិយាយថា កិច្ចប្រជុំក្រៅផ្លូវការកាលពីថ្ងៃអាទិត្យនៅទីក្រុងរ៉ូមគឺមិនមានការរៀបចំច្បាស់លាស់ ប៉ុន្តែមានផលិតភាព ហើយក៏ជួយដល់ការរៀបចំរបៀបវារៈ សម្រាប់កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជិនភីង នៅចុងឆ្នាំនេះផងដែរ៕

ប្រភព៖  Channel News Asia

Telegram