គុនចម្រុះ៖ កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានទទួលឱកាសឡើងសង្វៀនអន្តរជាតិ One Championship ទៀតហើយបន្ទាប់ពីផ្តួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ត្រឹមទឹកទី២ នៅសិង្ហបុរីកាលពីខែមករាកន្លងទៅ ពោលគឺត្រូវជួបកីឡាការិនីអាមេរិក Colbey Northcutt នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខាងមុខក្នុងព្រឹត្តិការណ៍ ONE: TNT IV។
ជុំវិញការទទួលបានឱកាសឡើងង្វៀនអន្ដរជាតិជាថ្មីនេះ បន្ទាប់ពីកីឡាការិនី អែម សុវណ្ណារី ប្រាប់ក្រុមការងារស្ថាប័ន ONE ថា នាងចង់បានឱកាសបង្ហាញខ្លួនលើសង្វៀន ឲ្យបានញឹកញាប់ចាប់ពីឆ្នាំ២០២១ នេះតទៅ ក្រោយកីឡាការិនីមានឪពុកម្ដាយជាខ្មែរនេះ បានបង្កើនជ័យជម្នះលើកទី២ ក្នុងចំណោម ៣ប្រកួតដោយផ្ដួលដៃគូឲ្យសន្លប់លើសង្វៀន ONE។ សម្រាប់ការទទួលបានឱកាសប្រកួតលើកទី២ ក្នុងឆ្នាំ២០២១ លើសង្វៀន ONE នេះគឺមានន័យថា អាជីពរបស់ អែម សុវណ្ណារី កំពុងដើរនៅលើផ្លូវឆ្ពោះទៅរកគោលដៅរបស់ខ្លួនហើយ ដ្បិតនាងធ្លាប់បង្ហាញមហិច្ឆតាថា គោលបំណងរបស់នាងគឺធ្វើយ៉ាងណា បានឡើងប្រកួតចាប់ពី ២ដងក្នុងមួយឆ្នាំឡើងទៅ ស្របពេលនាងចង់ក្លាយជាកីឡាការិនីទី១ ដែលបានក្លាយជាជើងឯកគុនចម្រុះពិភពលោក ក្នងប្រភេទទម្ងន់ Flyweight ប្រចាំស្ថាប័នប្រដាល់ ONE Championship នាពេលអនាគត។
សម្រាប់កីឡាការិនីអាមេរិក Colbey Northcutt ជាកីឡាការិនីចាស់វស្សាម្នាក់ ប៉ុន្តែមានប្រវត្តិឡើងប្រកួតមិនលើ សុវណ្ណារី ប៉ុន្មានឡើយ។ នាងមានអាយុ ២៧ឆ្នាំធ្លាប់ប្រកួតបាន ៧ដង ឈ្នះ ៥ដង និងចាញ់ ២ដង។ ប៉ុន្ដែសម្រាប់ស្ថាប័ន ONE Championship វិញ Northcutt ទើបប្រកួតបានម្ដងប៉ុណ្ណោះ ដោយយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Putri Padmi ដោយពិន្ទុ។ គួរបញ្ជាក់ថា រហូតដល់ពេលនេះ សុវណ្ណារី មានប្រវត្តិប្រកួត ៥លើកហើយគឺឈ្នះ៤ និងចាញ់១ ហើយប្រកួតខាងមុខនេះនឹងក្លាយជាការប្រកួតលើកទី៦ ក្នុងអាជីពរបស់នាង បន្ទាប់ពីនាងផ្លាស់ប្ដូរពីការលេងកីឡាប្រដាល់សកល មកចាប់អាជីពកីឡាគុនចម្រុះនេះ៕