រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅដល់ឥណ្ឌូណេស៊ី ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង នៅអាស៊ីអាគ្នេយ៍ ខណៈអាមេរិក​ព្យាយាម ទប់ទល់​នឹង​ចិន
អន្តរជាតិ
178

ហ្សាការតា៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនគិន (Antony Blinken) បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅអាស៉ីអាគ្នេយ៍ ដែលបានក្លាយជាតំបន់សមរភូមិយុទ្ធសាស្រ្តដ៏សំខាន់មួយ នៃការប្រជែងឥទ្ធិពលគ្នារវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

បើ តាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ច ជាលើកដំបូងរបស់លោក នៅតំបន់នេះ គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឡើងកាន់អំណាច កាលពីខែមករា ដើមឆ្នាំ២០២១នេះ លោក Blinken នឹងបន្តដំណើរឆ្ពោះទៅកាន់ ម៉ាឡេស៉ីនិងថៃបន្ថែមទៀត ក្នុងសប្តាហ៍នេះ ក្រោយបញ្ចប់ទស្សនកិច្ច នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេស៊ី ជាទីដែលលោកនឹងត្រូវជួបពិភាក្សា ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ហើយនឹងថ្លែងសារពីយុទ្ធសាស្រ្តអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា អាស៉ីអាគ្នេយ៍ គឺជាតំបន់គន្លឹះយ៉ាងសំខាន់បំផុតមួយ សម្រាប់ការប្រកួតប្រជែងឥទ្ធិពលគ្នា រវាងសហរដ្ឋអាមេរិកនិងចិន ដែលជាកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក។ រដ្ឋាភិបាលលោក បៃដិន កំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយតំបន់នេះ បន្ទាប់ពីវាបានធ្លាក់ទៅក្នុងភាពស្រពិចស្រពិល កាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

បន្ថែមពីនេះ សហរដ្ឋអាមេរិកបាននឹងកំពុងរុញច្រានប្រឆាំងនឹងការអះអាងរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំចំនួន៣ពាន់ពាន់លានដុល្លារ ហើយបានចោទប្រកាន់កងនាវាឆ្មាំឆ្នេរសមុទ្រដ៏ធំរបស់ចិន ពីបទសម្លុតប្រទេស រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយការរំខានដល់សកម្មភាពថាមពល និងការនេសាទ។

ជាមួយគ្នានេះដែរ ប្រទេសចិន បានទាមទារស្ទើរតែសមុទ្រទាំងមូលថាជារបស់ខ្លួន ហើយបានច្រានចោលសកម្មភាពរបស់សហរដ្ឋអាមេរិកថា ជាការជ្រៀតជ្រែកពីមហាអំណាចបរទេសតែប៉ុណ្ណោះ ៕

ប្រភព៖ Bangkok Post

Telegram