មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលព្យុះទីហ្វុងវាយប្រហារប្រទេសហ្វីលីពីន
អន្តរជាតិ
197

ម៉ានីល៖ មនុស្សរាប់ពាន់នាក់ក្នុងប្រទេសហ្វីលីពីន បានភៀសខ្លួនចេញពីផ្ទះសម្បែង និងនៅ តាមមាត់សមុទ្រ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់លើប្រជុំកោះនៅ ថ្ងៃព្រហស្បតិ៍ នេះ(ទី១៦ ខែធ្នូ) ដោយអាជ្ញាធរបានព្រមានអំពីខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា ខ្យល់ព្យុះទីហ្វុង«Rai» កំពុងបោកបក់ជាមួយល្បឿនខ្យល់អតិបរមា ១៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលដែលវាបក់ឆ្ពោះទៅតំបន់កណ្តាល និងភាគខាងត្បូងនៃប្រជុំកោះដ៏ធំនេះ។ ប៉ុន្តែទីភ្នាក់ងារអាកាសធាតុរដ្ឋ បានព្រមានថា ល្បឿនខ្យល់អាចកើនឡើងដល់ ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលព្យុះនេះ បោកបក់មកជិតតំបន់ទេសចរណ៍ដ៏ពេញនិយមនៃកោះ Siargao ។

ទីភ្នាក់ងារអាកាសធាតុបានបន្ថែមថា «ខ្យល់ព្យុះទីហ្វុងបំផ្លិចបំផ្លាញ ... អាចនាំមកនូវការខូចខាតកម្រិតមធ្យមដល់ធ្ងន់ដល់រចនាសម្ព័ន្ធ»។ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សជាង ៤៥,០០០ នាក់បានស្វែងរកទីជម្រកសង្គ្រោះបន្ទាន់ ខណៈដែលព្យុះនេះបានវាយប្រហារពាសពេញមហាសមុទ្រប៉ាស៊ីហ្វិក។

ក្នុងនោះជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយកំពង់ផែរាប់សិបត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈដែលការិយាល័យអាកាសធាតុបានព្រមានថា ការកើនឡើងរលកទឹកសមុទ្រ កម្ពស់ជាច្រើនម៉ែត្រអាចបណ្តាលឱ្យ «ទឹកជំនន់គំរាមកំហែងដល់អាយុជីវិត» នៅក្នុងតំបន់ឆ្នេរសមុទ្រទាប។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលងាយរងគ្រោះបំផុត ចំពោះផលប៉ះពាល់នៃភពផែនដីក្តៅ - ត្រូវបានវាយប្រហារដោយព្យុះ និងព្យុះទីហ្វុងជាមធ្យមចំនួន២០ជារៀងរាល់ឆ្នាំ ដែលជាធម្មតាបំផ្លាញការប្រមូលផល ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ក្រីក្រ ៕

ប្រភព៖ Channel News Asia

Telegram