មនុស្សស្លាប់កើនឡើងដល់១៨នាក់ ក្នុងឧបទ្ទវហេតុលិចទូក នៅប្រទេសម៉ាឡេស៊ី
អន្តរជាតិ
363

ម៉ាឡេស៊ី៖ ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុលិចទូកនៅប្រទេសម៉ាឡេស៊ី បានកើនឡើងដល់១៨ នាក់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមរុករក និងជួយសង្គ្រោះបានរកឃើញសាកសពជនចំណាកស្រុកឥណ្ឌូនេស៊ី ៧ នាក់ទៀតនៅលើច្រាំងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

កប៉ាល់ដែលកំពុងដឹកជនជាតិឥណ្ឌូនេស៊ី ប្រហែល៥០នាក់ ដែលកំពុងស្វែងរកចូលប្រទេសជិតខាងម៉ាឡេស៊ី ដោយខុសច្បាប់បានក្រឡាប់កាលពីថ្ងៃពុធ ដោយសារ អាកាសធាតុមានព្យុះនៅភាគខាងត្បូងរដ្ឋ Johor ។

ឆ្មាំសមុទ្របាននិយាយថា ទាហានដែលកំពុងល្បាតបានរកឃើញជនរងគ្រោះចំនួន ១១ នាក់នៅលើច្រាំងសមុទ្រក្នុងប៉ុន្មានម៉ោង បន្ទាប់ពីឧបទ្ទវហេតុនេះ ហើយសាកសពបុរស៥នាក់ទៀត និងស្ត្រី ២ នាក់ទៀត ត្រូវបានគេរកឃើញកាលពីថ្ងៃព្រហស្បតិ៍។

ជនចំណាកស្រុកចំនួន ១៨នាក់ ត្រូវបានគេជឿថា នៅតែបាត់ខ្លួន ហើយអាជ្ញាធរបានដាក់ពង្រាយទូក និងយន្តហោះដើម្បីតាមប្រមាញ់ពួកគេផងដែរ៕

Telegram