ក្រុងយ៉ាំងហ្គោន៖ ក្រុមមន្ត្រីបានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ (១៦ ធ្នូ) ថា ពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃ ក្រោយកងទ័ពរបបសឹក បានវាយប្រយុទ្ធជាមួយ ក្រុមឧទ្ទាមជនជាតិភាគតិច។ ការប្រយុទ្ធគ្នារវាងសហភាពជាតិ ការ៉ែន (KNU) និងយោធា បានផ្ទុះឡើងកាលពីថ្ងៃពុធនៅក្នុងទីប្រជុំជន Lay Kay Kaw ជិតព្រំដែនថៃ ដែលជាការប៉ះទង្គិចគ្នាជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រូបភាពដែលចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីទិដ្ឋភាពមនុស្សជាច្រើនរយនាក់បានដើរតម្រង់ជួរឆ្លងទន្លេមួយ ដែលឆ្ពោះទៅកាន់ព្រំដែនថៃ ។ ម្នាក់រដ្ឋាភិបាលថៃម្នាក់ ក្នុងខេត្ត តាក់ (Tak) ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ AFP ថា មនុស្ស៧០០នាក់ បានឆ្លងព្រំដែន ហើយអ្នកទាំងនេះ ត្រូវបានអាជ្ញាធរផ្ដល់អាហារនិងជម្រកស្នាក់នៅបណ្ដោះអាសន្ន។
ក្នុងនោះ ណាយ យ៉ាត ពាយ (Naw K'nyaw Paw) អគ្គលេខាធិការនៃអង្គការស្ត្រីការ៉ែន បានប្រាប់AFPថា មនុស្សជាង១០០០នាក់ ត្រូវបានអនុញ្ញាតឲ្យឆ្លងព្រំដែន ក្រោយមេដឹកនាំសហគមន៍បានចរចាជាមួយអាជ្ញាធរថៃ។
សូមបញ្ជាក់ថា ការប៉ះទង្គិចប្រដាប់អាវុធនេះ បានផ្ទុះឡើង មួយថ្ងៃក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កងទ័ពរបបសឹកដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ោងឡាំង បានសម្រុកចូលទៅក្នុងដែនគ្រប់គ្រងរបស់សម្ព័ន្ធជាតិការ៉ែន (KNU) និងថែមទាំងបានចាប់ឃាត់ខ្លួនអ្នកប្រឆាំងរបបសឹកមួយចំនួនផងដែរ រួមទាំងអតីតសមាជិកសភាម្នាក់របស់រដ្ឋាភិបាលធ្លាក់ពីអំណាច លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។
គួរំឭកផងដែរថា កាលពីខែមីនា កងសកម្មប្រយុទ្ធរបស់សម្ព័ន្ធជាតិការ៉ែន (KNU) បានដណ្ដើមបានប៉ុស្តិ៍យោធាមួយ របស់របបសឹក ហើយក្រោយមក កងទ័ពមីយ៉ាន់បាន បានសងសឹកដោយបើកប្រតិបត្តិការបាញ់រះពីលើដែនអាកាស ។ នេះជាលើកដំបូងក្នុងពេល២០ឆ្នាំចុងក្រោយដែលយោធាបានប្រើវិធានការនេះលើរដ្ឋការ៉ែន។ មីយ៉ាន់ម៉ា មានក្រុមបះបោរជាង២០ជនជាតិខុសៗគ្នា ដែលភាគច្រើនកាន់កាប់ដែនដីនៅតាមបណ្ដោយព្រំដែន៕
ប្រភព៖ Channel News Asia