ចាញ់​ជើង​ទី១ ពីរ​គ្រាប់ Barcelona វាយ​បក​យក​ឈ្នះ ​Sevilla ៣​គ្រាប់​វិញ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey

បាល់ទាត់៖ ​Barcelona បាន​វាយបក​យកឈ្នះ Sevilla ៣គ្រាប់​វិញ​បន្ទាប់ពី​បរាជ័យ​ជើង​ទី១ ពីរ​គ្រាប់​ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey​។ ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​២ យប់មិញ​មានរឿង​ហេតុ​ជាច្រើន​កើតឡើង​។

​​Ousmane Dembele​ បើក​ការ​នាំមុខឲ្យ Barcelona នៅ​នាទី​ទី១២ ខណៈ​ការប្រកួត​ស្ងប់ស្ងាត់​គ្មាន​ក្រុម​ណា​រក​គ្រាប់​បាល់​បាន​។ ​ឈានចូល​វគ្គ​ទី២ Sevilla ​មានឱកាស​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មួយ​គ្រា​ប់​តែ Lucas Ocampos​ ស៊ុត​មិន​ចូលនៅ​នាទី​ទី៧៣ មុន​ពេលដែល​ពួកគេ​បាត់បង់​កីឡាករ​ម្នាក់​នៅ​នាទី​ទី៩០+២ នៅពេល Fernando ទទួលបាន​កាត​លឿង​ទី២ បណ្តេញ​ចេញពី​ការប្រកួត​។​ ​Sevilla​​ នៅតែ​អាច​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ​ប្រសិន​រក្សា​លទ្ធផល​ចាញ់​ជើង​ទី២ នេះ ១–០ តែ​រឿង​មិនគួរឲ្យ​ជឿ​កាត់​ឡើង​នៅ​ចុង​វគ្គ​ទី២ នៅពេល Gerard Pique រកបាន​គ្រាប់​នាំមុខ ២–០ ឲ្យ Barcelona នៅ​នាទី​ទី៩០+៤ ទៅហើយ​ដែល​ធ្វើឲ្យ​ក្រុម​ទាំងពីរ​ស្មើគ្នា​សរុប​ទាំងពីរ​ជើង ២–២​។

​​ឈានដល់​ម៉ោង​បន្ថែម ១៥នាទី​ពីរដង Barcelona ក៏​រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩៥ ដោយ Martin Braithwaite មុនពេល​ដែល​កីឡាករ​របស់ Sevilla, Luuk de Jong ទទួលបាន​កាត​ក្រហម​ទាំង​អង្គុយ​នៅក្រៅ​ទីលាន​ ក្រោយ​ស្រែក​តវ៉ា​នឹង​អាជ្ញាកណ្តាល​។ ​Barcelona នឹង​បន្ត​ស្វែង​រកពាន Copa del Rey ជាការ​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក​លើក​ទី៣១ ដោយ​នឹងត្រូវ​ជួប​ជាមួយ Levante​ រឺ Athletic Bilbao៕


Telegram