ព្យុះទីហ្វុនដ៏កំណាច វាយប្រហារប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្សកើនដល់២០៨នាក់
អន្តរជាតិ
325

ម៉ានីល៖ ប៉ូលិសជាតិ បាននិយាយនៅថ្ងៃចន្ទ ទី២០ ខែធ្នូថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានកើនឡើងដល់ ២០៨នាក់ហើយ ដែលធ្វើឱ្យវាក្លាយជាព្យុះដ៏សាហាវបំផុតមួយដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប៉ូលិសបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ២៣៩ នាក់បានរងរបួស និង៥២ នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង « រ៉ៃ» បានវាយប្រហារតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រជុំកោះ។

ជាមួយគ្នានេះដែរ មនុស្សជាង ៣សែននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង និងនៅតាមមាត់សមុទ្រ ដោយសារព្យុះទីហ្វុង«Rai»ដ៏ខ្លាំងមួយ បាន បោកបក់ ចូលប្រទេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

បន្ថែមពីនេះ អ្នកជំនាញ បានប្រៀបប្រដូចខ្យល់ព្យុះរ៉ៃនេះទៅនឹងខ្យល់ព្យុះទីហ្វុន ហៃយ៉ាន (Haiyan) កាលពីឆ្នាំ២០១៣ផងដែរ។ ដូចយ៉ាង ព្យុះទីហ្វុន ហៃយ៉ាន នេះ គឺជាព្យុះកំណាចផុតលេខក្នុងប្រទេសហ្វីលីពីន ដែលបានបណ្ដាលឲ្យមនុស្សជាង៧៣០០នាក់ ស្លាប់ឬបាត់ខ្លួន។

គួរបញ្ជាក់ថា ព្យុះកំណាចនេះ បានកម្ទេចដំបូលផ្ទះពួកគេ ផ្ដួលរំលំដើមឈើ រុញច្រានបង្កោលភ្លើងធាក់ដល់ដី និងកម្ទេចគ្មានសល់ផ្ទះឈើរបស់ពួកគេ ហើយក៏បានពន្លិចផ្ទះអ្នកភូមិជាច្រើនផងដែរ៕

ប្រភព៖  Channel News Asia

Telegram