ទឹកជំនន់ដ៏អាក្រក់បំផុត កំពុងវាយប្រហារប្រទេសម៉ាឡេស៊ី បង្ខំឱ្យប្រជាជនរាប់ម៉ឺន នាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង
អន្តរជាតិ
328

កូឡាឡាំពួរ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ី។ រដ្ឋ Perak គឺជារដ្ឋចុងក្រោយបង្អស់ដែលរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃអាទិត្យ ខណៈដែលស្ថានភាពកាន់តែអាក្រក់នៅក្នុងរដ្ឋចំនួនប្រាំមួយផ្សេងទៀត ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១,០០០ នាក់ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

សូមជម្រាបថា ប្រទេសម៉ាឡេស៊ី តែងតែរងគ្រោះដោយសារព្យុះភ្លៀងមូសុង នៅរៀងរាល់ចុងឆ្នាំ ហើយជារឿយៗ ទឹកជំនន់ក៏បង្កបង្ខំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ផងដែរ។ អាកាសធាតុអាក្រក់ បូករួមទាំងភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក បានធ្វើឱ្យទឹកទន្លេកើនឡើងបង្កជាទឹកជំនន់ជន់លិចទីប្រជុំ, កាត់ផ្ដាច់ ផ្លូវថ្នល់ជាច្រើន និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៉ីស្លាអែល ស៊ុបព្រី យ៉ាក់កូប (Ismail Sabri Yaakob) បានប្រកាសថារដ្ឋាភិបាលរបស់ លោកនឹងផ្ដល់ជំនួយសម្រាប់ជួសជុលផ្ទះសម្បែង និងហេដ្ឋារចនាសម្ពន្ធនានា ហើយក៏បានសន្យាថានឹងផ្ដល់ជំនួយហិរញ្ញវត្ថុដល់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់ផងដែរ។ លោកបានបន្ថែម ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការសម្រាប់អ្នកដែលជាប់នៅក្នុងរថយន្ត និងនៅខាងក្រៅផ្ទះរបស់ពួកគេ ។

បនន្ថែមពីនេះ នាយកដ្ឋានឧតុនិយមបានព្រមានពីកម្រិតគ្រោះថ្នាក់នៃ ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងរដ្ឋ Perak នឹង បាន ប្រកាស ពីកម្រិតគ្រោះថ្នាក់ដល់កម្រិតប្រកាសអាសន្ននៅក្នុង Selangor ផងដែរ។

គួរបញ្ជាក់ថា មនុស្សច្រើនជាង ៣០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ នៅទូទាំងរដ្ឋទាំង៨ និងដែនដីរបស់ ម៉ាឡេស៊ី ហើយក្នុងនោះមានច្រើនជាង ១៤,០០០នាក់ នៅក្នុងរដ្ឋ Pahang និងជិត ១០,០០០នាក់ នៅក្នុងរដ្ឋ Selangor ៕

ប្រភព៖ Al Jazeera


Telegram