ថៃ បញ្ជូនជនភៀសខ្លួនជាង៦០០នាក់ ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ខណៈការប៉ះទង្គិចគ្នានៅតាមព្រំដែន រវាងយោធា និងក្រុមឧទ្ទាម នៅតែបន្ត
អន្តរជាតិ
356

ប្រទេសថៃ៖ ថៃបានបញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ៦០០នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នារវាងយោធា និងក្រុមឧទ្ទាមជនជាតិភាគតិច ត្រឡប់ទៅវិញតាមព្រំដែន ខណៈដែលការប៉ះទង្គិចគ្នាកំពុងបន្ត នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ថៃដែលបាននិយាយកាលពីថ្ងៃអាទិត្យ (១៩ ធ្នូ)។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជនភៀសខ្លួនមួយចំនួនដែលបានរត់ភៀសខ្លួនចូលទៅដល់ខេត្ត Tak ភាគពាយ័ព្យប្រទេសថៃ បានប្រាប់ Reuters មុនពេលពួកគេត្រឡប់ទៅព្រំដែនវិញនៅព្រឹកថ្ងៃអាទិត្យថា ពួកគេបានស្ម័គ្រចិត្តត្រឡប់ទៅវិញ។ នៅ រសៀល ថ្ងៃ អាទិត្យ អ្នក យក ព័ត៌មាន រ៉យទ័រ នៅ ខាង ព្រំដែន ថៃ បាន ឮ សំឡេង កាំភ្លើង ជា បន្តបន្ទាប់។

អភិបាលខេត្តតាក់ លោក សំឆៃ (Somchai) បានប្រាប់រ៉យទ័រនៅពេលរសៀលថា៖«មនុស្សកាន់តែច្រើនសុខចិត្តត្រលប់ទៅវិញ ដោយសារពួកគេព្រួយបារម្ភអំពីទ្រព្យសម្បត្តិរបស់ពួកគេនៅទីនោះ»។

នៅព្រឹកថ្ងៃអាទិត្យ អ្នកយកព័ត៌មានរបស់រ៉យទ័របានឃើញជនភៀសខ្លួនរាប់សិបនាក់ ដែលកំពុងជ្រកកោននៅសាលារៀនក្នុងស្រុកមួយរបស់ប្រទេសថៃ ហើយត្រូវបានដាក់ចូលទៅក្នុងឡានដឹកទំនិញចំនួន ៣ គ្រឿង ដើម្បីបញ្ជូនត្រលប់មកវិញឆ្លងកាត់ព្រំដែន។

លោក សំឆៃ អភិបាលខេត្តតាក់បាននិយាយថា ជនភៀសខ្លួនចំនួន ៦២៣ នាក់ត្រូវបានបញ្ជូនត្រឡប់មកវិញ ហើយចំនួន ២០៩៤ នាក់នៅតែនៅក្នុងទឹកដីថៃ។ លោកបានបន្ថែមថា ជនភៀសខ្លួនទាំងអស់នឹងត្រូវបានបញ្ជូនមកវិញ ប្រសិនបើពួកគេសុខចិត្ត។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាប្រដាប់អាវុធ រវាង សម្ព័ន្ធជាតិការ៉ែន (KNU) និងកងយោធាមីយ៉ាន់ម៉ា បានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែធ្នូ ក្នុងក្រុង ឡាយ ឡាយ កាយ (Lay Kay Kaw) នៅក្បែរព្រំដែនថៃ ។ នេះគឺជាការប៉ះទង្គិចគ្នាលើកដំបូងក្នុងពេលប៉ុន្មានខែចុងក្រោយនេះ។ កាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែធ្នូ រូបភាពដែលចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីទិដ្ឋភាពមនុស្សជាច្រើនរយនាក់បានដើរតម្រង់ជួរឆ្លងទន្លេមួយ ដែលឆ្ពោះទៅកាន់ព្រំដែនថៃ ៕

ប្រភព៖ Channel News Asia

Telegram