រដ្ឋមន្ត្រីការបរទេសចិន៖ ចិន មិនខ្លាចប្រឈមមុខជាមួយអាមេរិកឡើយ ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់
អន្តរជាតិ
154

ប៉េកាំង៖ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចុះជាបណ្តើរៗ ដោយសារមន្ត្រីអាមេរិក ចោទប្រកាន់ទីក្រុងប៉េកាំង ពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិចមូស្លីម ដោយប្រកាសពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងធ្វើឡើងនៅក្នុងប្រទេស និងបន្តបង្កើនការចោទប្រកាន់លើ ប្រទេសចិន។ ក្នុងនោះ ការទទួលខុសត្រូវចំពោះជំងឺរាតត្បាត កូវីដ ១៩ផងដែរ។

បើតាម សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី(Wang Yi)បាននិយាយនៅថ្ងៃចន្ទទី២០ខែធ្នូនេះថា ប្រទេសចិននឹងមិនខ្លាចការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែនឹងស្វាគមន៍កិច្ចសហប្រតិបត្តិការ ប្រសិនបើវាមានផលប្រយោជន៍ទៅវិញទៅមក។

នៅក្នុង សុន្ទរកថា ទៅកាន់សន្និសីទស្តីពីស្ថានភាពអន្តរជាតិ និងការទូតចិន ប្រចាំឆ្នាំ ២០២១ លោក វ៉ាង បានគូសបញ្ជាក់ថា បញ្ហានៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន គឺបានធ្លាក់ចុះដោយសារការវិនិច្ឆ័យខុសជាយុទ្ធសាស្រ្ត ពីសំណាក់ភាគីអាមេរិក។

លោក ក៏បានសង្កត់ធ្ងន់ផងដែរ ថា« ប្រសិន បើ មាន ការ ប្រឈម មុខ ដាក់ គ្នា នោះ ប្រទេស ចិន នឹង មិន ភ័យ ខ្លាច ឡើយ ហើយ នឹង ប្រយុទ្ធ ដល់ ទីបញ្ចប់។ ការប្រកួតប្រជែងមិនមែនជារឿងអាក្រក់អ្វីទេ ប៉ុន្តែវាគួរធ្វើឡើងក្នុងផ្លូវវិជ្ជមាន»។ ទន្ទឹមគ្នានេះដែរ លោកប្រមុខការទូតចិន បានបន្ថែមថា ប្រទេសលោកស្វាគមន៍ចំពោះ ការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែវាត្រូវផ្តល់ប្រយោជន៍ឲ្យភាគីទាំងសងខាង។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារការខ្វែងគំនិតគ្នាជាច្រើន រួមទាំងប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងសម្ពាធខ្លាំងឡើងរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ ផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីខែវិច្ឆិកាកន្លងទៅ ដែលមានរយៈពេលជាង៣ម៉ោង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់សម្ពាធលើសមភាគីចិន លោក ស៊ី ជិនពីង ស្តីពីបញ្ហាសិទ្ធិមនុស្ស ខណៈលោក ស៊ី បានព្រមានតបវិញថា ចិននឹងឆ្លើយតបចំពោះអ្វី ដែលខ្លួនចាត់ទុកជា សកម្មភាពបង្កហេតុ ទាក់ទងបញ្ហាកោះតៃវ៉ាន់៕

ប្រភព៖  Sputnik

Telegram