របបយោធាមីយ៉ាន់ម៉ា បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ក្នុងការវាយឆ្មក់លើក្រុមអ្នកប្រឆាំងរដ្ឋប្រហារ
អន្តរជាតិ
145

អន្តរជាតិ៖ អ្នកស្រុក និងអ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបើកការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រ ទៅលើក្រុមអ្នកប្រយុទ្ធប្រឆាំងរដ្ឋប្រហារនៅក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

កងជីវពលប្រឆាំងរបបយោធាបានផ្ទុះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធក្រោយរដ្ឋប្រហារខែកុម្ភៈ និងការបង្រ្កាបលើការប្រឆាំង ដែលក្រុមឃ្លាំមើលក្នុងតំបន់និយាយថា បានសម្លាប់មនុស្សជាង១,៣០០នាក់។

ក្រុមអ្នកវិភាគបាននិយាយថា «កងកម្លាំងការពារប្រជាជន»(PDF) ទាំងនេះបានធ្វើឱ្យកងទ័ពភ្ញាក់ផ្អើលជាមួយនឹងប្រសិទ្ធភាពរបស់ពួកគេ ដោយបានអូសរដ្ឋាភិបាលយោធាឱ្យធ្លាក់ចូលទៅក្នុងភាពជាប់គាំងបង្ហូរឈាម។

អ្នកស្រុកបាននិយាយថា កាលពីថ្ងៃសុក្រ កងទ័ពរដ្ឋាភិបាលបានបើកការវាយឆ្មក់លើ«កងកម្លាំងការពារប្រជាជន»(PDF) នៅក្នុងតំបន់ Sagaing ភាគកណ្តាលនៃប្រទេស ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង។

គួរបញ្ជាក់ថា កាលពីខែឧសភា កងទ័ពឯករាជ្យ Kachin ដែលជាក្រុមឧទ្ទាមជនជាតិភាគតិចនៅភាគខាងជើង បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រយោធា អំឡុងពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅជិតទីប្រជុំជន Momauk ។ កាលពីដើមខែនេះ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានថ្កោលទោសរបបយោធា ចំពោះអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានពណ៌នាថាជារបាយការណ៍«គួរឱ្យរន្ធត់ចិត្ត និងឈឺចាប់»នៃការសម្លាប់អ្នកភូមិ ១១នាក់ រួមទាំងកុមារផងដែរ។ ប៉ុន្តែ របប យោធា បាន ច្រានចោល ការ អះអាង ទាំងអស់នេះ៕

ប្រភព៖ Bangkok Post

Telegram