បាល់ទាត់៖ ក្តីសង្ឃឹមដេញប្រជែងជើងឯក English Premier League របស់ក្រុមបិសាចក្រហម Manchester United ជាមួយក្រុមកំពូលតារាង Manchester City កាន់តែស្តួចស្តើងបន្ទាប់ពីស្មើនៅទឹកដី Crystal Palace ០–០ ធ្វើអោយគំលាតរវាងលេខ១ និងលេខ២ នៅពេលនេះដល់ទៅ ១៤ពិន្ទុ។
នេះជាប្រកួតទី៦ របស់ Manchester United ក្នុងរដូវកាលនេះដែលស្មើ ០–០ បែបនេះ ហើយក៏ជាបីប្រកួតជាប់គ្នាដែរដែលក្រុមរបស់លោក Ole Gunnar Solskjaer ស្មើ ០–០។ ក្រុមភ្ញៀវ Manchester United មានឱកាសគ្រប់គ្រងបាល់ច្រើនក្នុងការប្រកួតនេះ និងមានឱកាសស៊ុតដល់ទៅ ១១លើកតែគ្រាប់ដែលចំគោលដៅមានតែ ១លើកប៉ុណ្ណោះ ខណៈ Crystal Palace មានឱកាសស៊ុត ៨លើកតែចំគោលដៅ ២លើក។ លទ្ធផលនេះឆ្លងកាត់ ២៧ប្រកួតដូចគ្នា Manchester United បន្តឈរលេខ២ មាន ៥១ពិន្ទុដេញពីក្រោយ Manchester City ១៤ពិន្ទុនៅសល់ ១១ប្រកួតទៀតចប់រដូវកាល។ Manchester United នឹងត្រូវទៅទឹកដី Manchester City ថ្ងៃអាទិត្យនេះ។
ដោយឡែកលទ្ធផលផ្សេងទៀតយប់មិញនេះ Leicester City ក៏រកបីពិន្ទុមិនបានដែរក្រោយស្មើនៅទឹកដី Burnley ១–១ បន្ទាប់ពីម្ចាស់ផ្ទះនាំមុខមុនដោយ Matej Vydra មុនពេលដែល Kelechi Iheanacho តាមស្មើវិញនៅនាទីទី៣៤។ Leicester City បន្តឈរលេខ៣ ក្នុងតារាងដេញពីក្រោយ Manchester United ១ពិន្ទុ។ មួយគូទៀតយប់មិញដែរ Sheffield United រកបានជ័យជំនះទី៤ របស់ខ្លួនក្នុងរដូវកាលនេះ ក្រោយយកឈ្នះ Aston Villa ១–០ ដោយគ្រាប់បាល់របស់ David McGoldrick នៅនាទីទី៣០។ ជ័យជំនះនេះ Sheffield United បន្តឈរបាតតារាងដដែលមាន ១៤ពិន្ទុដេញពីក្រោយ West Brom ៣ពិន្ទុ និងដេញពីក្រោយតំបន់សុវត្ថិភាព ១២ពិន្ទុឯណោះ៕