រាជធានីភ្នំពេញ៖ យោងតាមៈ សេចក្តីណែនាំ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឬស្សី ក្រោយការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានី ភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននេះ ជាពិសេសក្នុងចំណោមអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់ សរុបត្រឹមរយៈពេល ៤ ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង ១០០ នាក់ ។
ចំពោះមុខ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ក្នុងមូលដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម ៖
១. ដើម្បីចៀសវាងការពិន័យអន្តរការណ៏ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំង ប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុង បរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទះ ឬ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុង រយៈពេល ១៤ ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។
២.ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយក សំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្ត អាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបាន បើកដំណើរការជាប្រក្រតីឡើងវិញ ។
៣. ចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារអូរឫស្សី ក្នុងកាលៈទេសៈ នេះ ដាច់ខាត គឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយ គ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់ ។ ក្នុងករណីពិនិត្យឃើញថា មានបុគ្គលណាមួយ មិនព្រមអនុវត្ត ឬ អនុវត្តមិនបានពេញលេញតាមវិធានចត្តាឡីស័ក សូមបងប្អូន ប្រជាពលរដ្ឋ ធ្វើការណែនាំ និងរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬ ទំនាក់ទំនងទៅកាន់លេខ ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យ អាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ទៅក្នុងមូលដ្ឋានភូមិ -សង្កាត់ដែលខ្លួនកំពុងរស់នៅ។
៤. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រងឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។
ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងប្រជាពលរដ្ឋ ពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ឱ្យទទួលបានលទ្ធផលល្អ និងការទទួលខុសត្រូវខ្ពស់ ។
គួររំលឹកផងដែរថាមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឬស្សីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថាមានអាជីវករ និងសន្តិសុខមួយចំនួន មានវិជ្ជមានកូវីដ-១៩ ៕ដោយ៖ លីណា