ខេត្តបន្ទាយមានជ័យ៖ សុំអោយបងប្អូនអ្នកដំណើរដែលឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយ ត្រូវសហការជាមួយ កងកម្លាំង តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ឱកាសដែលអភិបាលរងខេត្ត នាំយកអំណោយជូនកងកម្លាំង នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យព្រំប្រទល់ ស្រុកមង្គលបូរី និងស្រុកថ្មគោល។
ក្នុងឱកាសដែលនាំយកអំណោយប្រគល់ជូនកងកម្លាំង ប៉ុស្តិ៍ត្រួតពិនិត្យលើផ្លូវជាតិលេខ៥ ព្រំប្រទល់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ និងស្រុកថ្មគោល ខេត្តបាត់ដំបង លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅពេលកំពុងត្រួតពិនិត្យថា សុំបងប្អូន ត្រូវចូលសហការជាមួយកងកម្លាំង ដែលកំពុងឈជើងតាមប៉ុស្តិ៍ត្រួតពិនិត្យ ដែលកំពុងអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ.ចូលពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់២០ ខែមេសា ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា៖ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រខេត្តមួយទៀត ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវអនុវត្តអោយបានតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា។
លោក លី សារី បានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលកំពុងអនុវត្តការងារតាមប៉ុស្តិ៍ត្រួតពិនិត្យទូរទាំងខេត្តបន្ទាយមានជ័យ ក្នុងចំណោម៩ស្រុក/ក្រុងមានចំនួន៨ប៉ុស្តិ៍កំពុងអនុវត្តខេត្តជាប់ព្រំប្រទល់ ហើយបាននាំយកអំណោយមានមីចំនួន៥កេស ភេជ្ជៈ៨កេស ទឹកបរិសុទ្ធ៥កេស៕ដោយ៖ចន្ត្រា