ព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ ដាក់សាឡាងខ្នាតធំ២គ្រឿង ចម្លងប្រជាពលរដ្ឋឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សចាស់ ដែលកំពុងជួសជុល
ព័ត៌មានជាតិ
193

រាជធានីភ្នំពេញ៖ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហោះនៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និខណ្ឌច្បារអំពៅ ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព ! ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹង ស្តីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពី ការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ ប្តូរ បង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។ ចំពោះមុខនេះការដ្ឋាននឹងចាប់ផ្តើម ដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទ ចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសា ដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ ៕ 



Telegram