រៀបចំទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី ខណ្ឌទួលគោក ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
270

រាជធានីភ្នំពេញ៖ វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានអាជ្ញាធររាជធានីភ្នំពេញយកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយមួយផ្នែកទៀតយកធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។

ជាមួយគ្នានោះនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរនិងមន្ត្រីមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គីខាងលើ ដើម្បីទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យបានសមរម្យ ហើយអគារមួយផ្នែកទៀតនៃវិទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កនោះដែរ ។

ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនៃការរៀបចំទីតាំងខាងលើនេះ លោកឃួង ស្រេង បានបញ្ជាក់ថា៖ ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០គ្រែ សម្រាប់អ្នកជំងឺ និង១០គ្រែទៀតសំរាប់ក្រុមគ្រូពេទ្យដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា វិទ្យាល័យជា ស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង ក្រុមការងារចម្រុះដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលិសមូលដ្ឋាន មន្ត្រីអគ្គិសនី មន្ទីរសុខាភិបាលបានដុតដៃដុតជើងយ៉ាងមមាញឹកក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឱ្យទីតាំងមួយនេះក្លាយជាកន្លែងដែលមានភាពសមរម្យនិងមានអនាម័យ បរិស្ថានល្អប្រសើរ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ មិនត្រឹមតែមិនបានធូរស្រាលនោះទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើនឡើង ដែលបានធ្វើឱ្យមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់៕ 

 


Telegram