យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងធ្លាក់​ដាំក្បាលបុកខុនដូ ស្លាប់និងរបួសជិត៣០នាក់
អន្តរជាតិ
270

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស១៣នាក់ រួមទាំងកុមារ៣នាក់ត្រូវបានសម្លាប់ បន្ទាប់ពីយន្តហោះចម្បាំងលឿនជាងសំឡេងមួយបានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Yeysk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន បង្កឱ្យមានការផ្ទុះឆាបឆេះ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

វីដេអូ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពី​ភ្លើងដ៏ធំមួយបានផ្ទុះឡើងពីអគារប្រាំបួនជាន់កាលពីថ្ងៃចន្ទ ហើយនៅពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបញ្ចប់ ទីភ្នាក់ងារព័ត៌មាន Interfax បាននិយាយថា សាកសពចំនួន១៣នាក់ត្រូវបានទាញចេញពីអគារបាក់បែក។

យោង​តាម​ក្រសួង​ស្ថានភាព​គ្រាអាសន្ន​ដែល​បាន​ដក​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​រុស្ស៊ី​បាន​និយាយ​ថា​៖ «​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ចប់​ការ​ជីក​រក​កម្ទេច​ថ្ម (...) ជា​សរុប​មនុស្ស​ចំនួន ១៣ នាក់​បាន​ស្លាប់​ក្នុង​នោះ​មាន​កុមារ​៣​នាក់ ​ខណៈ​មនុស្ស ១៩ នាក់​បាន​រង​របួស​»។ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​បាន​និយាយ​ថា​៖ «​ខណៈ​ពេល​​​ធ្វើ​ការ​ហោះហើរ​ហ្វឹកហាត់​ពី​អាកាសយានដ្ឋាន​យោធា​នៃ​ស្រុក​យោធា​ភាគ​ខាង​ត្បូង យន្តហោះ​ Su-34 បាន​ធ្លាក់​។«មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​គឺ​ឆេះ​ម៉ាស៊ីន​មួយ​ក្នុង​ពេល​ហោះ​ឡើង»។

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានដកស្រង់សេវាកម្មសង្គ្រោះបន្ទាន់ដោយនិយាយថា អគារផ្ទះល្វែងចំនួនប្រាំជាន់បានឆេះ ជាន់ខាងលើបានដួលរលំ ហើយផ្ទះល្វែងប្រហែល៤៥ខ្នងបានរងការខូចខាត៕

ប្រភព៖ Al Jazeera

Telegram