មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសច្បាប់អាជ្ញាសឹក នៅតំបន់ Donetsk, Luhansk, Kherson និង Zaporizhia ដែលជាតំបន់ចំនួនបួននៃប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានប្រកាសថាជាឧបសម្ព័ន្ធ កាលពីខែមុន។ លោក ពូទីន មិនបានបកស្រាយភ្លាមៗអំពីជំហានដែលនឹងត្រូវធ្វើឡើងក្រោមច្បាប់អាជ្ញាសឹកនោះទេ ប៉ុន្តែបាននិយាយថា វិធានការនេះមានគោលបំណងបង្កើនស្ថិរភាពសេដ្ឋកិច្ច ឧស្សាហកម្ម និងផលិតកម្ម ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់សមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់លោកកាលពីថ្ងៃពុធថា «យើងកំពុងធ្វើការលើការដោះស្រាយកិច្ចការដ៏ស្មុគស្មាញ និងទ្រង់ទ្រាយធំ ដើម្បីធានាបាននូវអនាគតដ៏គួរឱ្យទុកចិត្តសម្រាប់ប្រទេសរុស្ស៊ី ដែលជាអនាគតរបស់ប្រជាជនរបស់យើង»។
ជាមួយគ្នានេះដែរ លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានច្រានចោលការផ្លាស់ប្តូរនេះ ហើយបាននិយាយថា ក្រុង គៀវ នឹងបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន។ លោកបានសរសេរនៅលើ Twitter ថា «ការអនុវត្តច្បាប់អាជ្ញាសឹក»នៅលើទឹកដីដែលកាន់កាប់ដោយរុស្ស៊ី គួរតែត្រូវបានចាត់ទុកថា ជាការក្លែងបន្លំច្បាប់នៃការលួចទ្រព្យសម្បត្តិរបស់អ៊ុយក្រែនប៉ុណ្ណោះ»។ លោកបានបន្ថែមថា«នេះមិនផ្លាស់ប្តូរអ្វីទាំងអស់សម្រាប់អ៊ុយក្រែន៖ យើងបន្តការរំដោះ និងការកាន់កាប់ទឹកដីរបស់យើង»។
យ៉ាងណាមិញ លោកពូទីនក៏បានផ្តល់អំណាចបន្ទាន់បន្ថែមដល់ប្រមុខនៃតំបន់ទាំងអស់នៃប្រទេសរុស្ស៊ីផងដែរ។ រដ្ឋាភិបាលត្រូវបានណែនាំឲ្យបង្កើតគណៈកម្មាធិការសម្របសម្រួលពិសេសមួយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Mikhail Mishustin ដើម្បីធ្វើការជាមួយតំបន់នានារបស់រុស្ស៊ី ដើម្បីជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ទីភ្នាក់ងាររដ្ឋរុស្ស៊ី TASS បានរាយការណ៍ថាក្រឹត្យនេះនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសហព័ន្ធ - សភាជាន់ខ្ពស់នៃសភារុស្ស៊ី - ហើយថាសភាជាន់ទាបរដ្ឋឌូម៉ានឹងត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តនេះ។
គួរបញ្ជាក់ថា ការបញ្ចូលតំបន់កាន់កាប់ដោយផ្នែកទាំងបួននៅថ្ងៃទី៣០ខែកញ្ញា បានកើតឡើងបីថ្ងៃ បន្ទាប់ពីការបញ្ចប់នៃ«ប្រជាមតិ» ដែលរៀបចំដោយវិមានក្រឹមឡាំង ដែលត្រូវបានចាត់ទុកថា ភាគច្រើន មិនមានសុពលភាព ដោយសហគមន៍អន្តរជាតិ។ ថ្វីបើមានការប្រកាសជាផ្លូវការក៏ដោយ រុស្ស៊ីកំពុងបាត់បង់ដីត្រឹមមួយថ្ងៃ ចំពោះការវាយលុករបស់ទីក្រុងគៀវផងដែរ៕
ប្រភព៖ Al Jazeera ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។