វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រកាសកាលពីថ្ងៃសុក្រថា លោក ចូ បៃដិន នឹងធ្វើដំណើរលើកដំបូងទៅកាន់ទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប នៅថ្ងៃទី ១១ ខែវិច្ឆិកា សម្រាប់សន្និសីទស្តីពីអាកាសធាតុ COP27 មុនពេលធ្វើដំណើរទៅកាន់មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំកំពូលក្រុមទាំង២០(G20) ដែល ជាការប្រមូលផ្តុំមេដឹកនាំមកពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
ការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រធានាធិបតី ចាប់ផ្តើមប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដ៏សំខាន់ នៅក្នុងសហរដ្ឋអាមេរិក ដែលនឹងកំណត់ថាគណបក្សណាគ្រប់គ្រងសភា និងព្រឹទ្ធសភា។
ជាមួយគ្នានេះ កិច្ចប្រជុំកំពូល G-20 ក៏អាចផ្តល់ឱ្យលោក បៃដិន នូវឱកាសដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី ដើម្បីជួបទល់មុខគ្នាជាមួយសមភាគីចិនរបស់លោក គឺលោក ស៊ី ជីនពីង ហើយសក្តានុពលអាចឱ្យលោកនៅក្នុងបន្ទប់តែមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ផងដែរ។
បន្ថែមពីនេះ សេតវិមាន បាននិយាយថា អនុប្រធានាធិបតី Kamala Harris នឹងធ្វើដំណើរដោយឡែកពីគ្នាទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ហើយបន្ទាប់មកទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា បើតាមសេតវិមាន នៅក្នុងប្រទេសកម្ពុជា លោក ចូ បៃដិន នឹងធ្វើការអះអាងឡើងវិញពីការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចំពោះតំបន់ អាស៊ីអាគ្នេយ៍ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ សំដៅធានារក្សាសន្តិសុខ ក៏ដូចជាវិបុលភាព នៅក្នុងតំបន់៕
ប្រភព៖ AP