ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនស្ត្រីជាប្រពន្ធ យកមកសាកសួរ បន្ទាប់ពីមានជម្លោះជាមួយប្ដី ហើយបានប្រើហិង្សាយកដែកមុតស្រួចមកចាក់ចំដើមទ្រូងប្តី បណ្ដាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាប្ដី បានផឹកស្រាស្រវឹងហើយក៏បានមានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនៅផ្ទះរបស់ខ្លួន យ៉ាងខ្លាំងរហូតដល់ផ្អើលអ្នកភូមិ។ ស្ត្រីជាប្រពន្ធក៏បានដើរមករករឿងឈ្លោះប្រកែកគ្នា ហើយខណៈនោះស្រាប់តែយកដែកមុតស្រួច មកចាក់ចំទ្រូងប្ដីបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យជាប្រពន្ធមានឈ្មោះ សុខ សារ៉ាត់ អាយុ៤៨ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្ដីមានឈ្មោះ ធឹម សំណាង ហៅធុង អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែជនសង្ស័យជាប្រពន្ធ និងជនរងគ្រោះ ពេលផឹកស្រាស្រវឹង គឺតែងតែមានការឈ្លោះប្រកែកគ្នាជាប្រចាំស្ទើរតែរាល់ថ្ងៃទៅហើយ។
សពក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួច បានប្រគល់ឱ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕