សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងបាននាំយកអំណោយជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមគោលដៅសំខាន់ៗ ដែលកំពុងធ្វើការបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ។ ការចុះសួរសុខទុក្ខ និងចែកជូននូវអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ០២១នេះ ស្ថិតនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងការចុះសួរសុខទុក្ខនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាស៍ថា ក្រោមការខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការអនុវត្តផ្ទាល់ ដោយកងម្លាំងមានសមត្ថកិច្ច ដែលមានកម្លាំង អគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានព្យាយាម និងខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាតត្បាត នៃជំងឺកូវីដ១៩ ដែលកើតមាននាពេលបច្ចុប្បន្ននេះ ទាំងនៅលើសកលលោក។ សម្តេចក្រឡាហោម បានលើកឡើងទៀតថា ថ្វីត្បិតតែ កម្ពជាបានខិតខំ ក្នុងការទប់ស្កាត់នៃការរីករាតត្បាតនៃមេរោគកូវីដ១៩ យ៉ាងណាក្តី ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មេរោគកូវីដ១៩ បានហក់ឡើងយ៉ាងគំហុក ធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង នៃបេសកកម្ម របស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបំរើ និងការពារប្រជាជន ក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ កំពុងតែរីករាលដាលនាពេលនេះ ។
សម្តេចក្រឡាហោម ស ខេង បានធ្វើការថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះ អគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាធានីភ្នំពេញ រួមនិងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សំរាប់ប្រជាជនកម្ពុជា ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំអោយ រដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ច បន្តធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់យល់ដឹងកាន់តែច្បាស់ ពីការការពារខ្លួន ពីមេរោគកូវីដ១៩ និងចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខកងម្លាំង ដែលកំពុងឈរជើង នៅតាមមូលដ្ឋានដែលកំពុងធ្វើការបិទខ្ទប់នាពេលនេះ សម្តេច បានធ្វើការផ្តល់ជូននៅអំណោយ សំរាប់ជូនទៅដល់កងកម្លាំង ដូចជា ទឹកសុទ្ធ មី រួមនិងថវិការផងដែរ ៕