សម្ដេចតេជោ ហ៊ុន សែន សោកស្ដាយចំពោះការលេចធ្លាយនូវសារជាសំឡេង ដែលធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ
ព័ត៌មានជាតិ
227

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវសោកស្ដាយចំពោះការលេចធ្លាយនូវសារជាសំឡេង នៃសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដែលធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ និងមានប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាច នាំគ្នាសម្រុកទៅផ្សារ ដើម្បីទិញគ្រឿងឧបភោគ បរិភោគទុក ដែលការធ្វើបែបនេះបង្កើតភាពកកកុញ មនុស្សច្រើន ដែលជំរុញឱ្យមានហានិភ័យកាន់តែខ្ពស់ឡើងក្នុងការឆ្លងវីរុសកូវីដ-១៩នោះ។

ក្នុងសារជាសំឡេង នាយប់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «មានការជ្រួលច្របល់ មុនពេលដែលចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល»។ សម្ដេចតេជោបានបញ្ជាក់ថា «គោលបំណងនៃការបិទ គឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ហើយការបិទនេះទៀតសោត ក៏មិនមែនជាការបិទដំណើរការធ្វើឱ្យប្រជាជនស្លាប់ ឬរងទុក្ខលំបាកនោះដែរ ទោះបីថា ផលប៉ះពាល់កើតមាន ក៏ប៉ុន្តែយើងក៏បានគិតទុកធ្វើយ៉ាងណាឱ្យប្រជាជនយើង អាចមានជីវភាពជាប្រក្រតី គប្បីបញ្ហាមួយចំនួនត្រូវបានធ្វើ»។

សម្ដេចតេជោបានបន្តថា នៅពេលដែលយើងបិទ បុគ្គលគ្រប់រូប ត្រូវបានហាមមិនឱ្យធ្វើដំណើរទៅចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន ប្រសិនបើគ្មានការចាំបាច់។ ក្នុងពេលជាមួយគ្នានេះ ការធ្វើដំណើរចេញក្រៅ អាចធ្វើទៅបានក្នុងករណីដែលមានការចាំបាច់ដូចជាការធ្វើដំណើរទៅធ្វើការងារ ឬប្រកបមុខរបរអាជីវកម្មក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ដែលមិនមានការហាមឃាត់ដូចនៅក្នុងមាត្រា៣ នៃសេចក្តីសម្រេច។ ទន្ទឹមនោះដែរ កន្លែងលក់ម្ហូបអាហារ និងកន្លែងលក់សម្ភារចាំបាច់ អនុញ្ញាតឱ្យមានការបើក មិនមែនជាការបិទសម្លាប់ប្រជាជនដោយអត់មានម្ហូបអាហារនោះទេ។ ចំពោះ ដំណើរការ នៃការពិនិត្យព្យាបាល និងយកសំណាក និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតែដំណើរការធម្មតាក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា អាជីវកម្មទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ដែលបិទដោយសារតែយើងយល់ថាកន្លែងនោះចាំបាច់បិទ ប៉ុន្តែក៏មានការលើកលែងនៅត្រង់ថា សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែបន្តធ្វើដោយមិនអាចចៀសវាងបានទេ។ ប៉ុន្តែក៏ត្រូវឱ្យមានមនុស្សកំណត់ចំនួនតិច និងមានប្រធានស្ថាប័នសាមីទទួលខុសត្រូវ។ រោងចក្រផលិតម្ហូបអាហារ និងមានកម្រិតចំនួនមនុស្សតិចដែលមានប្រធានស្ថាប័នសាមីទទួលខុសត្រូវ។ ចំពោះរោងចក្រសហគ្រាសសិប្បកម្ម គ្រឿងឧបភោគបរិភោគ ទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ត្រូវតែបន្តធ្វើ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «យើងសុខចិត្តបិទការរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង រោងចក្រដទៃទៀត ក៏ប៉ុន្តែយើងត្រូវតែឱ្យបើករោងចក្រសហគ្រាស ដែលផលិតម្ហូបអាហារដូចជា រោងចក្រផលិតមី កន្លែងលក់ត្រី កន្លែងកាប់ជ្រូក និងសត្វដទៃទៀតដែលបម្រើសេចក្តីត្រូវការរបស់មនុស្ស»។ សម្ដេចតេជោក៏បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ពិនិត្យមើលចំពោះប្រជាពលរដ្ឋនៅតំបន់ក្រីក្រដែលអាចផ្ដល់នូវជំនួយសង្គ្រោះសម្រាប់ពួកគាត់ និងបានណែនាំឱ្យក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់ដាក់ផ្គត់ផ្គង់យកអង្គ មី និងស្បៀងអាហារដែលមាននៅក្នុងដៃ ចូលទៅក្នុងទីផ្សារ ដើម្បីចៀសវាងកុំឱ្យឈ្មួញលក់អង្ករឆ្លៀតឱកាសដំឡើងថ្លៃ។

សម្ដេចតេជោបានថ្លែងថា «ខ្ញុំសោកស្ដាយជាទីបំផុត នៅពេលដែលខ្ញុំបានរៀបចំដាក់ចេញនូវបទបញ្ជាសម្រាប់ការរៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះបានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់ បងប្អូនប្រជាពលរដ្ឋ ខុសពីវត្ថុបំណងរបស់រាជរដ្ឋាភិបាល ដែលបិទខ្ទប់ ប៉ុន្តែមានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវ មិនឱ្យបងប្អូនដាច់បាយ ដាច់ភ្លើង ដាច់ទឹកនោះទេ សេវាកម្មទាំងប៉ុន្មាន រាប់ទាំងសេវាកម្មប្រមូលសំរាមចេញពីលំនៅឋានរបស់បងប្អូននៅតែអាចធ្វើបាន»។

សម្ដេចតេជោបន្តឱ្យដឹងថា «ពិតមែនហើយខ្ញុំសូមអភ័យទោសដោយសារតែរឿងរ៉ាវមិនទាន់នឹងបានចេញនូវសេចក្ដីសម្រេច ប៉ុន្តែបែរជាបានបែកធ្លាយទៅមុន ដោយបុគ្គលខ្វះការទទួលខុសត្រូវ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់បក្ស និងរដ្ឋ ដែលខ្ញុំសុំសារភាពដោយត្រង់ថា សកម្មភាពនោះនឹងត្រូវទទួលនូវវិន័យនៅពេលក្រោយ នៅពេលដែលយើងរកឃើញ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋថា សូមបងប្អូនស៊ូទ្រាំរយៈពេល ១៤ថ្ងៃ ដើម្បីកាត់ផ្ដាច់ចម្លង និងសូមបងប្អូនកុំចេញពីផ្ទះក្នុងពេលដែលមានគ្មានការចាំបាច់។

សូមជម្រាបដែរថា ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានគូសបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់តាំងពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕ប្រភពផេកក្រសួងព័ត៍មាន


Telegram