អភិបាលរាជធានី បញ្ជាឲ្យសមត្ថកិច្ច ចុះស្រាវជ្រាវ ជាបន្ទាន់ រកម្ចាស់ហាង និងកន្លែងលក់ដូរ ទំនិញ ដែលឡើងថ្លៃហួសហេតុ ដើម្បីចាត់វិធានការ
ព័ត៌មានជាតិ
481

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញត្រូវបានបណ្តាញព័ត៍មានស្រង់ប្រសាសន៍នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២១នេះថា ក្រោយពីបានសង្កេតឃើញថា ម្ចាស់ហាង និងកន្លែងលក់ដូរ មួយចំនួន បានឆ្លៀតឱកាសកេងចំណេញ ឡើងថ្លៃហួសហេតុ នៅពេលដែលប្រជាពលរដ្ឋ សម្រុកនាំគ្នា ទៅទិញស្បៀងអាហារណា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរ ដែលដំឡើងថ្លៃ ហើយសមត្ថកិច្ច កំពុងធ្វើការងារនេះ យ៉ាងយកចិត្តទុកដាក់។

លោកបន្តថាការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាល បានដាក់ចេញវិធានការ ជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្នុងរាជធានី ភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

កាលពីយប់មិញថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ តាមព័ត៌មាន រូបភាព រូបវីដេអូ និងការបង្ហាញចែកចាយ ពេញបណ្តាញសង្គម គេសង្កេតឃើញថា មានប្រជាពលរដ្ឋ ជាច្រើនកកកុញ បានសម្រុកទៅទិញ ម្ហូបអាហារ នំចំណី និងសម្ភារប្រើប្រាស់ នៅតាមទីផ្សារ និងតាមកន្លែង លក់ដូរ ដែលកន្លែងខ្លះ លក់ដាច់គ្មានសល់ ជាមួយមុខទំនិញខ្លះ បានឡើងថ្លៃ យ៉ាងខ្ពស់ ហួសពីការស្មាន៕


Telegram