រាជធានីភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ដារ៉ា រ័ត្ន សុគុន ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌទួលគោកធ្វេីការឃាត់ខ្លួនជាក់ស្ដែងពី បទប្រឆាំងនឹងការអនុវត្តការងារសារធារណ: (ដោយយកកូនកាំបិតចុងស្រួចមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០:៣០នាទី កម្លាំងរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពី បទប្រឆាំងនឹងការអនុវត្តការងារសារធារណ:(យកកូនកាំបិតចុងស្រួចមកកាត់ខ្សែការពារហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមានកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ (ជារបស់ជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច)។
ដំណើររឿងហេតុ : នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០:៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បានដើរមកពីផ្ទះរួចបានយកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចយើង រួចហើយរត់គេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត និងចាប់យកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បចាត់ការតាមនីតិវធីច្បាប់តែម្ដង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យរូបនេះ យកមកធ្វើតេស្តិ៍ស្វែងរក សារធាតុញៀនក្នុងទឹកនោមជាលទ្ធផលមានភាព អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕