សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញេីសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំបំផុតជាមួយក្រុមគ្រួសារសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលមានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយ រោគាពាធនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា «មរណភាពរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ មិនត្រឹមតែជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ ឪពុកប្រកបដោយព្រហ្មវិហារធម៌ ជីតាប្រកបដោយក្តីសន្តោសប្រោសប្រណីនិងញាតិមិត្តម្នាក់ជាទីស្រឡាញ់រាប់អានដែលក្នុងជីវិតរបស់ ឯកឧត្តម បានពលិកម្មជាច្រើនបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្តមិនគិតពីការនឿយហត់លំបាកលំបិនជំនះរាល់ ឧបសគ្គនានា ដើម្បីភរិយាកូនៗមានអនាគតរុងរឿងប៉ុណ្ណោះទេតែក៏ជាការបាត់បង់ធនធានមនុស្ស មួយរូបដ៏កម្ររបស់កម្ពុជាមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈនិងបានបំពេញភារកិច្ចជាច្រើនបម្រើជាតិសាសនាព្រះមហាក្សត្រ។»
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕