រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកជំងឹកូវីដ១៩ ចំនួន២៥នាក់ទៀតដែលជាអាជីវករផ្សារ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ហើយដើម្បីជាការទប់ស្កាត់រដ្ឋបាលខេត្ត សូមបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានអ្នកទាំងនោះតែម្តងតាមលិខិតរដ្ឋបាលខេត្ត។
សូមជំរាបថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបិទផ្សារលើបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃក្រោយរកឃើញមានអាជីវករឆ្លងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់ ចាប់ពីរសៀលថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ហើយអាជីវករទាំងអស់ ត្រូវយកសំណាករកជំងឺកូវីដ-១៩។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរខាងលើ ឬធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើ ចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវរយៈពេលពេល ១៤ថ្ងៃ។ បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ នឹងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។
ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទ 012794 896 ឬ 016 525 520។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាប និងចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់៕