លោកជំទាវ ឱ វណ្ណឌីន ៖ អាយុជីវិតខ្លួន គ្រួសារខ្លួន សហគមន៍ខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គលខ្លួនឯងហើយ
ព័ត៌មានជាតិ
642

រាជធានីភ្នំពេញ៖  ខណៈពេលឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ នឹងអាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រើននោះឡើយ”។ នេះជាសារអំពាវនាវបន្ទាន់ ដល់បងប្អូនប្រជាពលរដ្ឋ របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ហេតុដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនបន្តការយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ត់ចត់ជាទីបំផុតទេនោះនូវវិធានការ "៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជាបណ្តោះអាសន្ន" អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រើននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចងចាំថា "ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហើយ បើមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គើន ឬមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ។

លោកជំទាវ បានបន្ថែមថា ៖ “កាលសង្រ្គាម បងប្អូនខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យើងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យើង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាក ក្នុងការស្វែងរកការវាយលុក ហើយរកយើងមិនឃើញទៀតផង”។

ក្នុងឱកាសនេះ លោកជំទាវ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា៕


Telegram