ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អមដំណើរដោយលោកមាន់ ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំស្នងការរងនគរបាលរាជធានីនិងកងរាជអាវុធហត្ថរាជធានីនៅព្រឹកថ្ងៃទី ១៨ខែមេសានេះ បានចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ជាក់ស្ដែងនៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈដែលទីតាំងទាំង២នេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ចេញចូលរាជធានីតាមបណ្តោយផ្លូវជាតិលេខ១ច្រើន ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំឱ្យអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតទៅលើសេចក្តីសំរេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបានឆ្លងរាលដាល់ខ្លាំងក្លាបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានបង្ខំអោយអាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ បិទខ្ទប់ភូមិ សង្កាត់ ខណ្ឌ និងផ្សារមួយចំនួន ហើយនៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានសំរេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាលតែម្តង ដើម្បីកាត់ផ្តាច់ហើយបាននូវការរីកសាយភាយជម្ងឺនេះបន្តទៀត ។
ទោះបីជាយ៉ាងណាក្តី ក្នុងការចុះពិនិត្យស្ថានភាពលំហូរចរាចរណ៍ប្រជាពលរដ្ឋនិងទីតាំងបិទខ្ទប់ខាងលើនេះ លោកឃួង ស្រេង ក៏បានសំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការសោគយល់និងចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរក្នុងតំណាក់កាលដ៏សែនលំបាកនេះ ដើម្បីនាំគ្នាឆ្លងឱ្យផុតពីជម្ងីកូវីដ-១៩ដ៏សាហាវនេះ ។
គួររំលឹកថា៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន៕