រាជធានីភ្នំពេញ៖ ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល បានសម្រេចណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១!
ក្នុង "តំបន់ក្រហម" ដែលកំណត់ដោយអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ!
អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ នឹងចាត់ចែងជាបន្ទាន់ដើម្បីចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមានអង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងតំបន់ក្រហម!
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ!