(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ។
ការចុះស្រង់ថ្លៃទំនិញ និងការណែនាំនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ លោកអោម ប៊ុនធឿន ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និង លោកឆែ លឹមគ្រី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ចំនួន ៦រូបទៀត នៅតាមស្តង់បណ្ដោះអាសន្នមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឡើង ស្ថិតក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown)មួយ ដើម្បីបញ្ឈប់ការរាតត្បាតដោយជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកអោម ប៊ុនធឿន បានណែនាំឲ្យគ្រប់អាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញ គ្រប់ផលិតផលឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងណែនាំកុំឲ្យមានការតម្លើងថ្លៃទំនិញឲ្យហួសកម្រិត ខុសឆ្ងាយពីតម្លៃដែលបានលក់កន្លងមក (តម្លៃមុនពេលបិទខ្ទប់ Lockdown) ជាពិសេស លោក បានសំណូមពរដល់អាជីវករ និងអតិថិជនទាំងអស់ ឱ្យជួយសហការ ផ្ដល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្នុងករណីមានជនឆ្លៀតឱកាសលក់តម្លើងតម្លៃកើតឡើង។
សូមបញ្ជាក់ថា ផ្សារចំនួនបីនៅក្រុងតាខ្មៅត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះរួមមានដូចជា ផ្សារតាខ្មៅចាស់ ផ្សារតាខ្មៅថ្មី និងផ្សារកាត់ជ្រុង (ផ្សារឯកជន) ហើយរដ្ឋបាលខេត្តកណ្ដាលបានរៀបចំផ្សារបណ្ដោះអាសន្ន ដែលមានលក់បន្លែ ត្រី សាច់ ផ្លែឈើនានា នៅទីលានកីឡដ្ឋានបាល់ទាត់ក្រុងតាខ្មៅជំនួសវិញ៕ប្រភពTVK