សេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមមេធាវីរាជរដ្ឋាភិបាល - ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែននិង មន្ទីរពេទ្យអន្តរជាតិ អរៀនដា
បច្ចេកវិទ្យា
1.67K

កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គី តិច ប្រធាន ក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ស្តីពីការផ្តល់ជូនសេវាកម្មសុខាភិបាលឯកជន ជូនដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។

ជាកិច្ចចាប់ផ្តើម ឧកញ៉ា គួន ធីតា បានមានមតិស្វាគមន៍ និងបានលើកឡើងថា ការផ្តល់ជូនពិសេសលើកញ្ចប់សេវាកម្មសុខភាព និងព្យាបាលជំងឺឯកជន ដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺដើម្បីចូលរួមលើកកំពស់វិស័យសុខាភិបាល និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាល និងថែទាំសុខភាពរបស់មេធាវីទាំងអស់ ដែលកំពុងបំពេញតួនាទីយ៉ាងសកម្ម ក្នុងការជួយការពារក្តីជូនចំពោះស្រ្តីទន់ខ្សោយ ងាយរងគ្រោះ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ និងពលរដ្ឋទន់ខ្សោយដទៃទៀតទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឧកញ៉ា គួន ធីតា បានបន្ថែមទៀតថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សរសៃឈាម សរីរាង្គខាងក្នុង សរសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គផ្សេងទៀត។ ម៉ាស៊ីនទំនើបៗរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានប្រើប្រាស់ និងបញ្ជាដោយអ្នកជំនាញបរទេស ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុខគេនៅប្រទេសសិង្ហបុរី ដូច្នេះអាចធានាបានថា លទ្ធផលនៃការពិនិត្យមានភាពច្បាស់លាស់១០០% មិនចាញ់ក្រៅប្រទេសឡើយ។

ជាកិច្ចបន្ទាប់ ឯកឧត្តម គី តិច ប្រធាន ក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានផ្តល់មតិសំណេះសំណាល និងលើកឡើងថា ជំនួសមុខឱ្យក្រុមមេធាវីទាំងពីរ ឯកឧត្តម ពិតជាមានសេចក្តីក្តីរីករាយ និងមានមោទកភាព ដែលមានមន្ទីរពេទ្យខ្នាតអន្តរជាតិ មានវត្តមាននៅលើទឹកដីកម្ពុជា និងដែលបានបង្កើតឡើងដោយកូនខ្មែរ ដោយបានចូលរួមបម្រើវិស័យសុខាភិបាល រួមចំណែកការពារសុខភាពប្រជាពលរដ្ឋកម្ពុជា កាត់បន្ថយការចំណាយរបស់ប្រជាជនខ្មែរដែលតែងតែទៅពិនិត្យព្យាបាលនៅក្រៅប្រទេស និងបានចូលរួមចំណែកជាមួយក្រុមមេធាវីទាំងពីរ ក្នុងគោលដៅបម្រើសកម្មភាពមនុស្សធម៌ ជាពិសេស ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបាននិងកំពុងជួយដល់ស្រ្តីទន់ខ្សោយងាយរងគ្រោះ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ និងពលរដ្ឋទន់ខ្សោយដទៃទៀត ដោយស្ម័គ្រចិត្ត ឥតយកកម្រៃសេវ៉ា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។

ឯកឧត្តម គី តិច បានបន្ថែមទៀតថា ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ និងទើបមានអ្វីៗទាំងអស់ រីឯមនុស្សយើង មានសុខភាពល្អ ក៏ទើបមានអ្វីៗទាំងអស់ ហើយ ការថែរក្សាសុខភាព ការពិនិត្យតាមដានសុខភាពជាប្រចាំ គឺជាប្រការចាំបាច់ ដែលនាំឱ្យទទួលបាននូវសុខភាពល្អ និងទទួលបានការព្យាបាលទាន់ពេលវេលា។ ឯកឧត្តមបានសំណូមពរដល់មន្ទីរពេទ្យ សូមរក្សាឱ្យបាននូវគុណភាពសេវាសុខាភិបាល ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ជាប់ខ្ជួន ផ្តល់អាទិភាពលើ សុខភាពរបស់អតិថិជនជានិច្ច និងបន្តពង្រឹង និងពង្រីកវិសាលភាពសេវាកម្មពិនិត្យព្យាបាលជំងឺ ឱ្យបានកាន់តែទូលំទូលាយ។

ជាទីបញ្ចប់ឯកឧត្តម គី តិច បានថ្លែងអរគុណចំពោះឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងបុគ្គលិកនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលបានផ្តល់ជូនពិសេសលើកញ្ចប់សេវាកម្មសុខាភិបាលឯកជន ដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសូមជូនពរដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធី និងទាំងនៅគេហដ្ឋាន មានសេចក្តីសុខ សុភមង្គល សេចក្តីចម្រើនរុងរឿង។


Telegram