នគរបាលចាប់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១៣នាក់ រួចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់
ព័ត៌មានជាតិ
214

ខេត្តបាត់ដំបង៖ នគរបាលស្នងការខេត្តបាត់ដំបងបានចុះបង្ក្រាប ដោយចាប់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងបានចំនួន១៣នាក់ រួចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។

យោងតាមផេកនគរបាលស្នងការខេត្តបាត់ដំបងបានង្ហោះនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះថា អ្នកប្រមូលផ្តុំគ្នាប្រព្រឹត្តិល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៣ នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថាកាលពីរសៀលថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់ តាំងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋានចូលរួម និងអនុវត្ត ការឃាត់ខ្លួននិងនាំខ្លួនអ្នកប្រព្រឹត្តិល្បែងភ្នាល់ទឹកភ្លៀងដោយមានការប្រមូលផ្តុំ នៅចំណុចទីវាលស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលក្នុងនោះបានឃាត់ខ្លួនចំនួន ១៣នាក់ ប្រុស១២នាក់ និងបានដកហូតរូមមាន៖

- រថយន្តចំនួន ០៤ គ្រឿង - ម៉ូតូ ចំនួន ១០ គ្រឿង - វិទ្យុទាក់ទងចំនួន ០៣ គ្រឿង។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរនិងរៀបចំបញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕


Telegram