រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តំបន់ក្រហមគឺបិទខ្ទប់មិនឲ្យចេញពីលំនៅឋានឡើយ ដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដែលចាំបាច់បំផុត ។
លោក ម៉េត មាសភក្តី អ្នកនំាពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទ ខ្ទប់ជាតំបន់ក្រហម ដែលបុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់ របស់ខ្លួន លើកលែងតែការ ធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដូសទី២ ប៉ុន្តែនៅទីតាំងជិតបំផុតនៅក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ លោក បានបន្តថាតំបន់ក្រហមនេះ ហាមឃាត់ដាច់ខាតរាល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋចេញ-ចូល ឆ្លងកាត់តំបន់ក្រហមនេះទាំងអស់ លើកលែង តែការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច អនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយ នូវលិខិតបញ្ជាបេសកកម្មនិងការធ្វើដំណើរដែលទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយ គ.ប.ខ. ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាបេសកកម្មដែលចេញដោយ គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ.និង ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាល ទាំងរដ្ឋ និងឯកជនដោយរួមទាំងផ្នែកឱសថស្ថាន ដោយមានលិខិត អនុញ្ញាតចេញដោយក្រសួងសុខាភិបាល ទើបពួកគាត់អាចធ្វើដំណើរបាន៕