រាជធានីភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌសែនសុខប្រកាសចេញជូនដំណឹងផ្អាកដំណើរការលក់ដូរផ្សារឈូកមាស(ពិភពថ្មី) និងផ្សាររីករាយ កាលពីម្សិលមិញ ហើយដោយបានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចុះពិនិត្យស្ថានភាពទាំងយប់ ដើម្បីបាញ់ថ្នាំលាងសម្អាតសំលាប់មេរោគនៅទីតាំង និងដាក់កម្លាំងសង់រោងរៀបចំទីតាំងយកសំណាកពីបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ អ្នកជំងឺកូវីដ នៅចំណុចផ្លូវ A ផ្នែកខាងត្បូងផ្សារឈូកមាស លុះព្រឹកនេះ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានបន្តចុះពិនិត្យទីតាំង និងមានក្រុមគ្រូពេទ្យបានចុះយកសំណាកបន្ទាន់ពិនិត្យរកមេរោគកូវីដ-១៩ ជូនបងប្អូនអាជីវករផ្សារឈូកមាស ផ្សាររីករាយ និងអាជីវករផ្សារទាំងអស់ដែលលក់ដូរនៅជុំវិញទីតាំង ។
គេសង្កេតឃើញថ្ងៃនេះ មានបងប្អូនអាជីវករជាច្រើនបានមកចូលរួមយកសំណាកតាមការអំពាវនាវរបស់អាជ្ញាធរខណ្ឌកាលពីម្សិលមិញ បន្ទាប់ពីយកសំណាកគ្រូពេទ្យណែនាំអោយចូលរួមធ្វើចត្តាឡីស័ក ១៤ថ្ងៃ អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩ នេះ ។
សូមជូនពរបងប្អូនអាជីវករទាំងអស់ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងបន្តចូលរួមវិធានការការពារ គឺ ០៣ការពារ ៣កុំ អោយបានត្រឹមត្រូវ ។