ខេត្តស្វាយរៀង៖ លោក កឹង ឃន ស្នងការខេត្តស្វាយរៀងបានបញ្ជាក់តាមទូរស័ព្ទប្រាប់អង្គភាពសារព័ត៌មានTVFB នៅល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា លោកឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ មានតួនាទីជា អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងបក្ខពួកចំនួន៦នាក់ទៀតត្រូវបានឃាត់ខ្លួននៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពិតប្រាកដមែន ពាក់ព័ន្ធនឹងការដឹកជញ្ជូនជនជាតិចិន ២៨នាក់ បំពានទៅលើសេចក្ដីសម្រេចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លេខ ៤៩ សសរ និងលេខ៥០ សសរ ស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ នៃក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកស្នងការបញ្ជាក់ទៀតថាឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកពេលនេះកំពុងស្ថិតក្នុងការសាកសួរ ហើយដាច់ខាតត្រូវអនុវត្តតាមនីតិវិធីច្បាប់ នៅពេលបញ្ចប់ការសាកសួរពេលណា និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវីធីច្បាប់ ។
ករណីនេះបានកើតឡើងកាលពីវេលាយប់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារTTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាមុខសណ្ឋាគារTTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនទាំងនោះចូលក្នុងរថយន្តដោយសង្ស័យក៏ឃាត់សាកសួរនាំ ទើបបែកធ្លាយរឿងរត់ពន្ធដឹកចិនពីក្រុងបាវិត ទៅរាជធានីភ្នំពេញ ទើបឈានទៅចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពីរសាកសួររួច ជនជាតិចិនទាំង២៨នាក់នោះ ត្រូវឲ្យធ្វើចត្តាឡីសក័នៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យចេញលទ្ធផល បានរកទីតាំងដាក់ជាក្រោយ។
ប្រភពដដែលបន្តទៀតថា អ្នកជាមេខ្លោងឈ្មោះ ស៊ុំ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ ផ្កាយ២ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយបុរសម្នាក់ទៀត ឈ្មោះ ស៊ូ សុភា (ពាក់អាវក្រហម ខោក្រហម) ជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន (ពីរស្រុកស្វាយជ្រុំ ស្រុករមាសហែក មកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារTTP1 ក្រុងបាវិត រួចឲ្យក្រុមលោកផ្កាយ២នេះ ដឹកពីក្រុងបាវិត ទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញ មកក្រុងបាវិត នៃខេត្តស្វាយរៀងវិញ។
សមត្ថកិច្ចបន្តទៀតថា: ចំណែកជនសង្ស័យចំនួន៥នាក់ទៀត គឺមិនមែនជាមន្ត្រីយោធានោះទេ ពួកគេត្រូវបានលោកផ្កាយ២ឲ្យក្លែងជាមន្ត្រីយោធា ហើយជួលឲ្យបើករថយន្តប៉ុណ្ណោះ នេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៥នាក់។
ក្រោយពីសាកសួរអស់រយៈពេញ១ថ្ងៃ នៅវេលាម៉ោង៦ល្ងាច ថ្ងៃ២២ ខែមេសា ជនសង្ស័យទាំង០៧នាក់នេះ ត្រូវបានក្រុមសមត្ថកិច្ច អធិការនគរបាលក្រុងបាវិត បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដើម្បីកងសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វារៀង ចាត់ការតាមនីតិវិធី៕
រូបភាពនិងអត្ថបទ ដោយ: Pheakdey