រដ្ឋបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត
ព័ត៌មានជាតិ
96

រាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១

រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ចំនួន ៧៧គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បន្ទាប់ពីចែកអំណោយនៅសង្កាត់រួចមក រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ បានបន្តចុះចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៥៦គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ បន្តទៀត។

អំណោយដែលទទួលបានក្នុង០១គ្រួសារ រួមមាន៖ អង្ករ, មី, ត្រីខ, ទឹកស៊ីអ៉ីវ, ទឹកត្រី និងម៉ាស។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចលេខ ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា អោយម៉ឺងម៉ាត់ និងថែរក្សាអនាម័យ ដោយលាងដៃជាមួយអាល់កុល ជែលលាងដៃ ឬសាប៊ូលាងដៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។


Telegram