រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហមដែលទទួលបាន ប័ណ្ណចេញ-ចូលទៅផ្សារទិញម្ហូបអាហារពីអាជ្ញាធរបានបង្ហាញការពេញចិត្តចំពោះការគិតគូរ នេះ ព្រោះវានឹងជួយសម្រួលដល់ជីវភាពហូបចុកប្រចាំថ្ងៃរបស់ពួកគាត់ក្នុងគ្រាកូវីដ-១៩នេះ។
លោកស្រី ធីតា ជាប្រជាពលរដ្ឋស្នាក់នៅខណ្ឌឬស្សីកែវ សប្បាយរីករាយយ៉ាងខ្លាំង ពេលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងគ្រាដ៏លំបាកនេះ។ លោកស្រីបានថ្លែងអំណរគុណ ដល់អាជ្ញាធរដែលសម្រេច ចេញបណ្ណ័ ថ្ងៃសេស និងថ្ងៃគូ ចែកជូនដល់ប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ចេញ-ចូល ទៅផ្សារទិញម្ហូបអាហារ និងជាពិសេសអាចឱ្យប្រជាពលរដ្ឋរក្សាគម្លាតគ្នា មិនឱ្យមានមនុស្សច្រើនទៅផ្សារទិញម្ហូប ក្នុងអំឡុងពេលធ្វើការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩នេះ ។
ជាមួយគ្នានេះដែរ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងតំបន់ក្រហមងាយស្រួលក្នុងការទិញ ស្បៀងអាហារក្រសួងពាណិជ្ជកម្មបានរៀបចំបង្កើតស្តង់លក់ស្បៀងអាហារក្នុងតំបន់ក្រហម មានចំនួន៨ទីតាំងរួមមាន ៖ ១,មុខសកលវិទ្យាល័យ CUS ស្ទឹងមានជ័យ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ១ ។ ២, ច្រកស្ថានីយប្រេង PTT ផ្លូវស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ។ ៣, ជិតច្រមុះជ្រូកស្ទឹងមានជ័យទល់មុខប៉េអឹម ខណ្ឌមានជ័យ ។ ៤, ទល់មុខផ្សារខេម៉ល ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ។ ៥, មុខធនាគារកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ ។ ៦,ទល់មុខក្រុមហ៊ុនហុងដា ផ្លូវវេងស្រេង ។៧, មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និង៨, កែងស្តុបបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នេះជាការគិតគូរនិងយកចិត្តទុកដាក់ជាទីបំផុតរបស់រាជរដ្ឋាភិបាល ចំពោះបងប្អូននៅតំបន់បិទខ្ទប់ និងតំបន់ក្រហម ធ្វើយ៉ាងណាជួយផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ។ ដោយក្នុងជំហានដំបូងក្រសួង បានដាក់ឱ្យមានរថយន្តជិះ លក់ស្បៀងអាហារតាមមុខផ្ទះក្នុងតំបន់ក្រហម ហើយបន្ទាប់មក ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និងដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញតែម្តង ។