សម្ដេចធិបតី នាយករដ្ឋមន្ត្រី អះអាងថា ប្រសិនបើមិនមានសន្តិភាព យើងមិនចាំបាច់កសាងព្រលានយន្តហោះតម្លៃ ១ ៥០០ លានដុល្លារអាម៉េរិកនោះទេ សូម្បីតែក្រុមហ៊ុនក៏គេមិនហ៊ានទាំងដាក់ទុនផង
ព័ត៌មានជាតិ
189

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាដែលទីកន្លែងមួយ ហើយវាជានិមិត្តរូបនៃការប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាព។

សម្ដេចធិបតីអះអាងថា តែប្រសិនបើមិនមានសន្តិភាពទេនោះ ក៏យើងមិនចាំបាច់កសាងព្រលានយន្តហោះតម្លៃ ១ ៥០០ លានដុល្លារអាម៉េរិកនោះទេ សូម្បីតែក្រុមហ៊ុនក៏គេមិនហ៊ានទាំងដាក់ទុនផង កុំថាឡើយអ្នកនិវិយោគទិញបតនោះ គេទុកលុយនៅតៃវ៉ាន់ នៅចិន នៅកូរ៉េ នៅអង់គ្លេស ចៀសជាងយកមកដាក់វិនិយោគនៅទីនេះ តែផ្ទុយទៅវិញគេហ៊ានយកមកវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយដោយការគិតវែងឆ្ងាយទៅអនាគតថាកម្ពុជាជាប្រទេសមួយដែលមានស្ថិរភាព និងសន្តិភាពរាប់សិបឆ្នាំតទៅទៀតបានជាគេហ៊ានវិនិយោគបែបនេះ ដែលនេះគឺជានិមិត្តរូបមួយធំណាស់។

ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោនេះ គឺជាព្រលានយន្តហោះដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាផងដែរ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា នៅទីនេះក៏មានដែរនូវគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ តែយើងបានធ្វើការបោសសម្អាតអស់ហើយដើម្បីប្រែក្លាយទីនេះឱ្យទៅជាព្រលានយន្តហោះថ្មី និងទំនើបដោយអាចទទួលការចុះចតពីយន្តហោះគ្រប់ប្រភេទ គ្រប់ទំហំ បានទាំងអស់ ជាកន្លែង ដែលមានចលនាជីវិតរស់រវើក ជាកន្លែងសម្រាប់ទទួលអ្នកដំណើរច្រើនលាននាក់នាពេលអនាគត។ សម្តេចធិបតីបានបញ្ជាក់ឱ្យដឹងថា នៅទីនេះក៏ជាការបង្ហាញឱ្យឃើញនូវកំណើនសេដ្ឋកិច្ចតារយៈការដឹកមនុស្សឆ្លងកាត់ទីនេះ ផ្ទុយពីពេលមុន ដែលយើងប្រើប្រាស់ព្រលានយន្តហោះសម្រាប់ដឹកមនុស្សរត់គេចចេញពីសង្គ្រាមនោះ។

សូមរម្លឹកផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោនេះឡើងនៅលើផ្ទៃដីទំហំប្រមាណ ២ ៦០០ ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ព្រលានយន្ដហោះថ្មីនេះ គឺជាគម្រោងដ៏ធំដែលមានទំហំនៃការវិនិយោគប្រមាណ ១ ៥០០ លានដុល្លារអាម៉េរិក ជាព្រលានយន្តហោះប្រភេទ 4F ដែលអាចឱ្យប្រភេទយន្តហោះគ្រប់ធុនចុះចតបាន៕ ប្រភព៖ ក្រសួងព័ត៍មាន


Telegram