សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់ ចំនួន២ នៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ មីនា ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការបង្កើតមន្ទីរពេទ្យតំបន់ទាំង២នេះ រាជរដ្ឋាភិបាល បានសម្រេចរួចហើយ ដោយប្រើប្រាស់ថវិកា ឥណទានសម្បទាន ក្នុងការអភិវឌ្ឍមន្ទីរពេទ្យតំបន់ សម្រាប់ជួយសម្រួល និងកាត់បន្ថយការ ចំណាយរបស់ពលរដ្ឋ។
បើតាមសម្តេចធិបតី នៅថ្ងៃទី១៤ ខែមីនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ចំនួន២ ពោលគឺនៅខេត្តកំពង់ចាម និងនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយ ការប្រើប្រាស់ពេលវេលា របស់ប្រជាពលរដ្ឋ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «អ៊ីចឹងហើយបានជាអភិក្រមយើងក្រៅពីពង្រឹងពេទ្យថ្នាក់ជាតិ យើងពង្រឹងពេទ្យថ្នាក់កម្រិតក្រោមជាតិ ឥឡូវយើងចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ។ ថ្ងៃក្រោយនៅពេលដែលមានសមត្ថភាព នឹងពង្រឹងទៅតាមបណ្តាខេត្តផ្សេងៗ គ្រប់២៥រាជធានី-ខេត្តតែម្តង កិច្ចការនេះ ធ្វើឡើងដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា»បើទោះមិនអាចម្តងធ្វើហើយទាំងអស់ គ្រប់ទីកន្លែងក៏ដោយ តែជាជំហានដែលទាមទារពេលវេលា។ ក្នុងនោះការពង្រឹងវិស័យសុខាភិបាល គឺធ្វើយ៉ាងណា ពីមួយអាណត្តិ ទៅមួយអាណត្តិ កាន់តែមានសមត្ថភាព នៅក្នុងការព្យាបាល ជំងឺប្រជាពលរដ្ឋ និងវិមជ្ឈការការទទួលខុសត្រូវ និងសមត្ថភាព រហូតទៅដល់មូលដ្ឋាន តាមជំហាននេះជាអ្វីដែលយើងចង់បាន ហើយអ្វីដែលត្រូវធ្វើជូនប្រជាពលរដ្ឋ»៕ ប្រភព៖ ក្រសួងព័ត៍មាន