នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមចូលរួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី។
អញ្ជើញអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រ សួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និង ឯកឧត្តម ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា។ប្រភព៖ ក្រសួងព័ត៍មាន