សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសខេត្តចំនួន៣ ជាខេត្តអស់មីនរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អាជ្ញាធរខេត្ដគ្រប់ជាន់ថ្នាក់ផងដែរ។
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា រយៈពេលជាង៦ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខេត្តចំនួន៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមានខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះនាថ្ងៃនេះ គឺជាសមិទ្ធផលរួមរបស់យើងទាំងអស់គ្នា ដែលបាន មកពីការដឹកនាំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួម ដ៏សប្បុរសផ្នែកហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ នេះជាសមិទ្ធផលកើតចេញក្រោមម្លប់សន្តិភាពនៃ នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងដោយឥតងាករេ និងម៉ឺងម៉ាត់បំផុត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបន្តនូវមរតកប្រវត្តិសាស្រ្ត បន្តរក្សាសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ខេត្តក្រចេះ គឺជាខេត្តមួយក្នុងចំណោម ខេត្តចំនួន ៣ ដែលត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង៦ ខែនៃរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែល សម្តេច បាននឹងកំពុងពលី និងខិតខំប្រឹងប្រែងបម្រើប្រជាជន និងប្រទេសជាតិ ទាំងយប់ ទាំងថ្ងៃ ពោរពេញដោយឧត្តមគតិស្នេហាជាតិមាតុភូមិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសរបស់ សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងសប្បុរសជននានា ដែលបានគាំទ្រ និងបន្តឈរជាមួយកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជា រួចចាកផុតពីគ្រាប់មីន និងលុបបំបាត់ទុក្ខវេទនាពីមរតកសង្រ្គាម និងសូមអរគុណចំពោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ដល់កិច្ចប្រតិបត្តិការ បោសសម្អាតមីន ក្នុងភូមិសាស្រ្តខេត្តក្រចេះនេះផងដែរ៕