នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥ និងព្រះរាជសនៈកថារបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ ព្រឹទ្ធសភា ក៏បានដំណើរការកិច្ចប្រជុំ ដោយមានការបោះឆ្នោត សម្រេចជ្រើសរើសប្រធានព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ ព្រឹទ្ធសភា។
ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃមុនខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញ យ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
ប្រជាជាតិខ្មែរទាំងមូល ពិតជាមានមហាភ័ព្វវាសនាខ្ពស់ក្រៃលែង ដោយមានអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើម គឺ សមេ្តចតេជោ ដែលជាវីរកុលបុត្រខ្មែរដ៏អង់អាចក្លាហាន តែងតែរួមសុខរួមទុក្ខដោយក្តីស្មោះត្រង់បំផុត ជាមួយ ប្រជាជន និងប្រទេសជាតិ នៅគ្រប់កាលៈទេស:ទាំងអស់។ សមេ្តចតេជោ គឺជាតួអង្គដ៏មាន សារសំខាន់មិនអាចខ្វះបាន សម្រាប់ឆាកនយោបាយរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ព្រោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ គឺជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការកសាង ខឿន សន្តិភាព ឯករាជ្យ បូរណភាពទឹកដី ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះសមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។
សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា កាលពី២៥ឆ្នាំមុន។ សម្តេចតេជោ រំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។
សម្តេចតេជោ រំលឹកថា អំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី ២៤កញ្ញា ១៩៩៨ នៅខេត្តសៀមរាប ដែលបើសិនពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។
សម្តេចតេជោ បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់បានចាបច្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ ទៀតហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការសម្របសម្រួលនយោបាយ ដើម្បីបំបាត់ភាពជាប់គាំងដោយ ព្រះបរមរតនកោដ្ឋ ម្ល៉េះពេលនោះ នឹងមានការបង្ហូរឈាម រយៈពេលយូរ។
សម្តេចតេជោបានថ្លែងថា តួអង្គសហស្ថាបនិកសម្រាប់ការចរចានយោបាយ បង្កើតព្រឹទ្ធសភា ពេលនោះ គឺនៅសល់តែសម្តេចម្នាក់ប៉ុណ្ណោះពេលនេះ សម្តេចតេជោ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។
ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។ សម្តេចតេជោបានថ្លែងថា សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះនៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។
ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា, អាយុ៣២ឆ្នាំក្លាយជានាយករដ្ឋមន្ត្រី អាយុ ៧២ឆ្នាំក្លាយជាប្រធានព្រឹទ្ធសភានាថ្ងៃនេះ៕