សម្ដេធិបតីនាយករដ្ឋមន្ត្រី៖ បញ្ហានៅបឹងទន្លេសាប រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារដោះស្រាយយ៉ាងច្បាស់លាស់ មិនអង្គុយបក់ផ្សែងដូចគេចោទនោះឡើយ
ព័ត៌មានជាតិ
161

ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤--«បញ្ហាដែលធំដូច បញ្ហាបឹងទន្លេសាបត្រូវមានវិធីសាស្ត្រច្បាស់លាស់ ដើម្បីដោះស្រាយឈានទៅដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព និងចីរភាព យើងអត់អង្គុយបក់ផ្សែងទេ អ៊ីចឹងការប្រគល់ភារកិច្ចដែលខ្ញុំបានប្រគល់ឱ្យនៅប្រហែលជា៧០ថ្ងៃមុន គឺត្រូវធ្វើយ៉ាងណារៀបចំធ្វើការៀបចំកំណត់ព្រំ គិតពីផែនទីឱ្យបានច្បាស់លាស់ ចុះបោះបង្គោល ហើយចុះបញ្ជីក្បាលដីដើម្បីធ្វើការបន្តទប់ស្កាត់នូវការទន្ទ្រានបន្ថែម»។ នេះជាការឆ្លើយតបរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅនឹងអ្នកវិភាគក្រៅស្រុកមួយចំនួនថា បញ្ជារបស់នាយករដ្ឋមន្ត្រីគ្មានប្រសិទ្ធភាព។ 

ក្នុងឱកាសអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ ”នារសៀលនេះ ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ មេសា ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិធីសាស្ដ្រក្នុងគ្រប់គ្រង ឬដោះស្រាយបឹងទន្លេសាប មានច្រើន និងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាមានប្រសិទ្ធភាព។ ដូច្នេះ ការប្រគល់ភារៈកិច្ចជូនអាជ្ញាធរនៅជុំវិញបឹងទន្លេសាប ចំនួន ៧២ថ្ងៃមកនេះ គឺត្រូវធ្វើយ៉ាងណារៀបចំ ធ្វើការកំណត់ព្រំដី ក្នុងពេលជាមួយគ្នានេះ ក៏បានទប់ស្កាត់ការទន្ទ្រានដីព្រៃផងដែរ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចាប់ពីថ្ងៃដែលខ្ញុំ ប្រកាសនោះមក មកដល់ពេលនេះ ៧២ថ្ងៃ ក្រុមការងារចម្រុះរបស់យើង ដែលខ្ញុំ ប្រគល់ភារកិច្ចជូន ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ និងក្រសួងពាក់ព័ន្ធជាច្រើន បូកជាមួយអាជ្ញាធរខេត្តទាំង៦ បានស្រុះគ្នាចុះធ្វើការជាបន្ដបន្ទាប់ ។ ការងារខ្លះមានការបង្ហោះផ្សព្វផ្សាយ ការងារខ្លះ គឺយើងធ្វើជាប់ជាប្រចាំ ទោះបីជាកន្លែងខ្លះ មិនបានផ្សព្វផ្សាយ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ដថា «ក្នុងរយៈពេល ៧២ថ្ងៃនេះ យើងធ្វើការងារច្រើន លាយគ្នា ការប្រកាសរបស់ខ្ញុំ ការធ្វើសកម្មភាព គឺយើងបានឃើញ ប៉ុន្ដែការងារភាគច្រើន ដែលក្រុមការងារបានធ្វើនោះ គឺយើងបានចុះផ្ទាល់ទៅដល់មូលដ្ឋាន»៕ 

ប្រភព៖ ក្រសួងព័ត៍មាន 


Telegram