សៀមរាប ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះរដ្ឋាភិ បាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្គ្រាម ជាពិសេសការអភិវឌ្ឍប្រទេសកម្ពុជានៅលើវិស័យសុខាភិបាលរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាល និងការបំពាក់ឧបករណ៍ សម្ភារ បរិក្ខា បច្ចេកវិទ្យាវិទ្យាសាស្ត្រទំនើបៗ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតាមមូលដ្ឋានសុខាភិបាលនៅកម្ពុជា។ ចំពោះជំនួយទាំងនោះរួមមានដូចជា មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយនៅទីនេះគឺមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ ដែលបំពាក់ដោយឧបករណ៍ទំនើបៗនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានតម្លៃជិត ២០លានដុល្លារអាម៉េរិក ជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជា ដែលឯកឧត្តមបានចាត់ទុកបញ្ហាសុខភាពមនុស្សគឺជាគោលដៅចម្បងដែលអាចឱ្យយើងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដោយសម្តេចបានគូសបញ្ជាក់ថា ការអភិវឌ្ឍចំពោះវិស័យសុខាភិបាលនេះគឺសំខាន់ខ្លាំងណាស់ ដោយត្រូវរៀបចំ ធ្វើការបណ្តុះបណ្តាលទាំងធនធានមនុស្ស គ្រឿងបំពាក់ ហើយជាពិសេសគឺសមត្ថភាពរបស់មន្ទីរពេទ្យផ្ទាល់តែម្តង ។សម្តេចធិបតីបានចាត់ទុកនេះគឺជាកិច្ចការសំខាន់សម្រាប់រាជរដ្ឋាភិបាលរបស់យើងនៅក្នុងការពង្រឹងសេវាសុខាភិបាល គឺការធ្វើទំនើបកម្ម និងការលើកកម្ពស់សមត្ថភាពក្នុងការផ្តល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាច្រើនឆ្នាំណាស់មកហើយរាជរដ្ឋាភិបាលបានខិតខំនៅក្នុងការអភិវឌ្ឍ បង្កើនសមត្ថភាពក្រុមគ្រូពេទ្យ ជាពិសេសពេទ្យថ្នាក់ជាតិ ដោយបង្កើនសមត្ថភាពក្នុងការព្យាបាល បំពាក់ឧបករណ៍ទំនើប និងធ្វើការបណ្តុះបណ្តាលពេទ្យបានច្រើននៅក្នុងការជួយព្យាបាលជំងឺកម្រិតធ្ងន់ និងស្មុគស្មាញមាន ជំងឺមហារីក និងជំងឺបេះដូងជាដើម ដែលជំងឺបេះដូងនេះក្រុមគ្រូពេទ្យរបស់យើងអាច ធ្វើការវះកាត់បានដោយជោគជ័យជាច្រើនករណី ។ ចំពោះការវះកាត់ផ្នែកខួរក្បាល ត្រចៀក ភ្នែក បំពង់កវិញក៏ដូចគ្នា ដែលទាំងនេះគឺជាការលើកស្ទួយចំពោះសុខ ភាពរបស់ប្រជាពលរដ្ឋយើងតាមរយៈការ ពង្រឹងវិស័យសុខាភិបាល ហើយក៏បានបើកឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ការពង្រឹងសុខភាពរបស់ប្រជាពលរដ្ឋ គឺត្រូវតែពង្រឹងពេទ្យ អ្វីជាការសំខាន់គឺការពង្រឹងសមត្ថភាព និងការពង្រីកលើវិសាលភាព ដោយយើងមិនត្រូវតែពង្រឹងតែមួយមុខទេ គឺយើងត្រូវតែពង្រីកនូវវិសាលភាពឱ្យដល់កៀកទៅនឹងប្រជាពលរដ្ឋ ដែលនេះគឺជាអភិក្រមក្នុងការពង្រីកនូវសមត្ថភាពក្នុងការព្យាបាល ដោយពង្រីកទាំងសមត្ថភាពនៅនឹងកន្លែង និងពង្រីកសមត្ថភាពឱ្យទៅដល់មូលដ្ឋាន ដោយមិនអាចឱ្យប្រមូលផ្តុំនៅត្រឹមតែរាជធានីភ្នំពេញបាននោះទេ»៕